សេវាធនាគារចល័តរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

សូមលោកអ្នក អានបញ្ញត្តិ និងលក្ខខណ្ឌ​ទាំង​អស់​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​ មុននឹង​ប្រើប្រាស់​សេវា​ធនាគារចល័ត​របស់ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ ប្រសិនបើ​លោកអ្នក មិនយល់ ឬមានភាព​មិន​ច្បាស់លាស់​ក្នុង​ប្រការ​ណាមួយ​អំពី​បញ្ញត្តិ និងលក្ខខណ្ឌ​ទាំងអស់នេះ សូម​ទាក់ទង​មកកាន់​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់​យើង​ខ្ញុំ។

លោកអ្នក យល់ព្រម​ចង​ភ្ជាប់​កាតព្វកិច្ច​ទៅ​នឹង​បញ្ញត្តិ និងលក្ខខណ្ឌ​ទាំងអស់​នេះ តាមរយៈ​ការ​ចុច​ប៊ូតុង ”យល់​ព្រម” ទៅនឹង​បញ្ញត្តិ និង​លក្ខខណ្ឌ នៅ​ពេល​ដែល​លោកអ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​កម្មវិធី​សេវា​ធនាគារ​ចល័ត​លើក​ដំបូង។

បញ្ញត្តិ និងលក្ខខណ្ឌ​ទាំងអស់នេះនឹង​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​សេវា​ធនាគារ​ចល័ត ដោយ​បន្ថែម​ពី​លើ តែ​មិនមាន​ការ​ជំនួស​នូវ​បញ្ញត្តិ និង​លក្ខខណ្ឌ​ផ្សេង​ទៀត​ណាមួយ​ដែល​អនុវត្ត​លើ “គណនី​សន្សំ​ដែល​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី” ដែល​តភ្ជាប់​ទៅ​នឹង​សេវា​ធនាគារ​ចល័ត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ របស់​លោក​អ្នក។

១. សទ្ទានុក្រម

១.១      “សមតុល្យ​” មាន​ន័យ​ថា សមតុល្យ​មាន​ក្នុង​គណនី​សន្សំ​ដែល​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី ដែលធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ បាន​កត់​ត្រា​ទុក។

១.២     “សមតុល្យ​អប្បបរមា” មាន​ន័យ​ថា សមតុល្យ​​ក្នុង​គណនីដែលត្រូវបានរក្សាទុកសម្រាប់សមតុល្យ​គណនីលើក​ដំបូង។

១.៣     “អតិថិជន” “លោកអ្នក”​ និង “របស់លោកអ្នក” មាន​ន័យ​ថា អតិថិជន​ដែល​បាន​ប្រើ​ប្រាស់​កម្ម​វិធី​សេវា​ធនាគារចល័ត និង​បុគ្គល​ផ្សេង​ទៀត​ណាមួយ​ដែល​បាន​ប្រើប្រាស់​កម្មវិធី​នេះ។

១.៤      “ចំនួន​កំណត់​សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ” មាន​ន័យ​ថា តម្លៃ​សរុប​អតិបរមា​ចំពោះ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដែលលោក​អ្នក​ធ្វើ​ប្រតិបត្តិការ​មួយ​ដង ឬច្រើនដង​ក្នុង​​ថ្ងៃប្រតិទិន​ណា​មួយ ឬចំនួន​កំណត់​ផ្សេង​ទៀត​ណា​មួយ​ដែល​នឹងកំណត់​នៅ​ពេល​ណាមួយ​នា​ពេល​អនាគត។

១.៥      “គណនី​សន្សំ​ដែល​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី” គឺជាគណនី​សន្សំ​មួយ ឬច្រើន ដែល​អតិថិជន​មាន​ជាមួយ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ហើយ​អាច​តភ្ជាប់​ទៅ​កាន់​សេវា​ធនាគារ​ចល័ត និងប្រើប្រាស់​សេវា​ធនាគារ​ចល័ត។ គណនី​សន្សំ​ដែលអាច​ភ្ជាប់​ទៅ​កាន់​សេវា​ធនាគារ​ចល័ត ត្រូវ​បាន​កំណត់​នៅ​ក្នុង​ផ្នែកទី ៣។

១.៦      “ការទូទាត់តាមប្រព័ន្ធ FAST” គឺជាសេវាកម្ម​ផ្ទេរ និងទូទាត់​មូលនិធិ​ជារូបិយវត្ថុ​រៀល​នៅ​តាម​បណ្តា​គ្រឹះស្ថាន ហិរញ្ញវត្ថុ​នានា ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​មូល​និធិ​ភ្លាមៗ។ សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ FAST ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បណ្តាញ​ដែល​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា។ នាពេល​បច្ចុប្បន្ន អតិថិជន អាច​ប្រើប្រាស់​សេវាកម្ម​នេះ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ចំនួន​ជាង ១០។ នៅ​ពេលខាងមុខ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀតនឹង​ចូលរួម​ក្នុង​សេវាកម្ម​នេះ ហើយ​យើង​ខ្ញុំ​នឹងធ្វើ​បច្ចុប្បន្នកម្ម​អំពី​តារាងបញ្ជី​រាយនាម​សមាជិក​នៅ​ក្នុង​កម្មវិធី​នៅ​ពេល​ណា​មួយ​នាពេល​អនាគត។ អតិថិជន ដែល​ធ្វើការ​ផ្ទេរ​មូលនិធិ ឬបង្កើត​ឲ្យ​មាន​ប្រតិបត្តិការ​ណា​មួយ ត្រូវ​បង់​កម្រៃ​សេវា​ប្រតិបត្តិការ​ទាំងអស់​ដែល​កំណត់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​អនុលោម​តាម​ចំនួន​ប្រតិបត្តិការ​ដែល​កើត​មាន​ឡើង​ជា​បន្ត​
បន្ទាប់។

១.៧     “​ ​ធនាគារ” មាន​ន័យ​ ការណែនាំ​ទទួល​​បាន​អាជ្ញា​ប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដើម្បី​ប្រកប​ប្រតិបត្តិការហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

១.៨      “ប្រតិបត្តិការ​ហិរញ្ញវត្ថុ” មាន​ន័យ​ថា​ ការ​ផ្ទេរ​ណាមួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​គណនី​សន្សំ ទៅ​កាន់​គណនី​ផ្សេងទៀត​ដែល​មាន​នៅ​ក្នុង​ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ឬ​ទៅ​កាន់​គណនី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ឬការ​ទូទាត់​ណាមួយដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​គណនី​សន្សំ ទៅ​កាន់​គណនី​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​  ឬប្រភេទ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ណាមួយ ដែល​ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​  ​បង្កើត​ឲ្យ​មាន​នៅ​ពេល​ណា​មួយ​នាពេល​អនាគត។

១.៩      “ការ​ខាតបង់” មាន​ន័យ​ថា ការ​ខាតបង់​ដែល​បុគ្គល​ណាមួយ​ទទួល​រងគ្រោះ ដោយ​បណ្តាល​មក​ពី​ការ​តវ៉ា ការទាមទារ      បណ្តឹង ឬសំណុំរឿង​ដែល​កើត​មាន​ឡើង​ចំពោះ​បុគ្គល​នោះ និង​រាល់​ការ​ខាតបង់ ការចំណាយ ការទទួល​ខុសត្រូវ ឬ​ការ​ខូចខាត​ដែល​បុគ្គល​នោះ​ទទួលរង ឬ​កើត​មាន​ឡើង​ចំពោះ​បុគ្គល​នោះ។

១.១០   “កម្មវិធីសេវាធនាគារចល័ត” ឬ “កម្មវិធី” មានន័យថា កម្មវិធីដែលផ្តល់សេវាធនាគារចល័ត ហើយដែលកម្មវិធីនោះអាចប្រើប្រាស់លើទូរស័ព្ទចល័ត និងប្រព័ន្ធប្រតិបត្តិការដែលកំណត់ដោយ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​។

១.១១   “សេវា​ធនាគារ​ចល័ត” ឬ “សេវាកម្ម” មាន​ន័យ​ថា សេវាកម្ម​ទាំងឡាយ​ណា​ដែល​មាន​ចែង​ក្នុង​ប្រការ ២.៤។

១.១២   “គណនី​អ្នកប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត” គឺ​ជាអត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់ រួម​មាន​ឈ្មោះ និង​លេខ​កូដ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់ ដែល​អតិថិជន​ទទួល​បាន​នៅ​ពេល​ដែល​អតិថិជន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត។ គណនី​អ្នក​ប្រើ​ប្រាស់​នេះ ត្រូវ​បាន​តភ្ជាប់​ទៅ​កាន់​គណនី​សន្សំ​ដែល​អាច​ប្រើ​ប្រាស់កម្មវិធី​របស់​អតិថិជន ដូច​មាន​ចែង​ក្នុង​ផ្នែកទី ៣។

១.១៣  “NBC” មាន​ន័យ​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា។

១.១៤   “OTP” មាន​ន័យ​ថា លេខ​កូដ​សំងាត់​ដែល ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ​ ផ្ញើ​សារ SMS ទៅ​កាន់​លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​បានផ្តល់​មក​កាន់​យើង​ខ្ញុំ​នៅ​ពេល​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​កម្មវិធី​។

១.១៥   “រយៈពេល​ផ្អាក​សកម្មភាព​ដំណើរការ​កម្មវិធី” មាន​ន័យ​ថា ថិរវេលា​មួយ​ដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​កំណត់​ជា​កាល​វិភាគក្នុង​គោលបំណង​សម្រាប់​ដំណើរការ​រដ្ឋបាល​ផ្ទៃក្នុង ដែល​ក្នុង​រយៈពេល​ផ្អាក​សកម្មភាព​ដំណើរការ​កម្មវិធី​នេះ លោកអ្នកនឹង​ត្រូវ​បាន​ដាក់​កំហិត ឬ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅ​កាន់ ឬ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត។

១.១៦   “លេខ​សម្ងាត់” មានន័យថា លេខកូដ​សម្គាល់ផ្ទាល់ខ្លួន ដែល​កំណត់​ដោយ​អតិថិជន​​ដើម្បីភ្ជាប់ជាមួយ​កម្មវិធីធនាគារ ក្នុងការអនុញ្ញាតទាំងការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាព ឬប្រតិបត្តិការហិរញ្ញវត្ថុ។

១.១៧   “Biometric” សំដៅទៅលើ ពាក្យបច្ចេកទេសសម្រាប់រង្វាស់ទាក់ទងនឹងចរិតលក្ខណៈរបស់មនុស្សដែលពាក់ព័ន្ធនឹងការអនុវត្តការវិភាគស្ថិតិទៅនឹងទិន្នន័យជីវសាស្រ្ត (ការស្កេនក្រយ៉ៅដៃ ឬមុខ)។

១.១៨   “ព័ត៌មាន​សុវត្ថិភាព” មានន័យថា វិធានការ​សុវត្ថិភាព រាប់បញ្ចូល​ទាំង​ឈ្មោះ​ និង​លេខកូដសំងាត់​របស់​អ្នក​ប្រើប្រាស់ និង​លេខកូដ​សំងាត់​សុវត្ថិភាព​ដែល​កំណត់​ដោយ​អតិថិជន ហើយ​លេខកូដ​សំងាត់សុវត្ថិភាព​នេះ ត្រូវ​តម្រូវ​ឲ្យ​បញ្ចូល​ដើម្បី​ចូល​ទៅ​កាន់​កម្មវិធី​ជា​លើក​ដំបូង​នៅ​លើ​ទូរស័ព្ទ​ថ្មី ​ ឬ​ដើម្បី​ស្វែងរកជំនួយ​ពី​ផ្នែក​បម្រើ​សេវា​អតិថិជន​របស់ ​ធនាគារ អ៊ូរី   (ខេមបូឌា) ម.ក​  និង/ឬ OTP ដើម្បី​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

១.១៩   “ការផ្ទេរ” មានន័យថា ការ​ផ្ទេរ​ពី​គណនី​សន្សំ ទៅ​កាន់​គណនី​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​  ឬ​ទៅ​កាន់គណនី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។

១.២០   “​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​” “យើងខ្ញុំ” និង “របស់យើងខ្ញុំ” មានន័យថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

២.        ការ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត

២.១      អតិថិជន​ ត្រូ​វ​បើក ឬ​មាន​គណនី​សន្សំ​ជាមួយ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​ និង​ត្រូវ​ចុះឈ្មោះ​បង្កើត​គណនី​អ្នក​ប្រើប្រាស់​ តាម​ការ​រយៈ​ការ​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​មក​កាន់​សាខារបស់​យើង​ខ្ញុំដើម្បី​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ ចល័ត។ លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​បាន​តែ​លើ​ទូរស័ព្ទ​ចល័ត​ណាមួយ​ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​កំណត់​ដោយ​យើងខ្ញុំ​តែប៉ុណ្ណោះ។

២.២     ក្នុងការប្រើប្រាស់កម្មវិធីថ្មី អតិថិជនត្រូវបញ្ចូលព័ត៌មានដែលបានតម្រូវ និងអនុវត្តតាមជំហានគ្រប់ដំណើរការ។ ​

២.៣     ក្នុងដំណើរការចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងលើកម្មវិធីធនាគារចល័ត លោកអ្នកនឹងត្រូវបានស្នើសុំអោយបញ្ចូលលេខគណនីរបស់លោកអ្នក ឬព័ត៌មានផ្ទាល់ខ្លួនដើម្បីបន្តដំណើរការ។ នៅពេលដែលការចុះឈ្មោះប្រើប្រាស់បានជោគជ័យ លោកអ្នកត្រូវប្រើឈ្មោះប្រើប្រាស់ដោយការបញ្ចូលដោយ​ដៃ/ចងចាំដោយស្វ័យប្រវត្តិ និងលេខសម្ងាត់ ឬការ​ផ្ទៀង​ផ្ទាត់​Biometric ដូចមានចែងក្នុងផ្នែកទី៥ ដើម្បីចូលប្រើប្រាស់កម្មវិធីធនាគារចល័ត​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​។

២.៤      នៅ​ពេល​ដែល​លោកអ្នក ចូល​ទៅ​កាន់​កម្មវិធី​សេវា​ធនាគារ​ចល័ត​លើក​ដំបូង​លើ​ឧបករណ៍​ថ្មី​ លោកអ្នកត្រូវវាយ​បញ្ចូល ព័ត៌មាន​ចាំបាច់ បន្ថែម​លើឈ្មោះ​របស់​អ្នក​ប្រើប្រាស់​កម្មវិធី ​​លេខកូដ​សំងាត់ និង​លេខកូដ​សំងាត់សុវត្ថិភាព របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ។​

២.៥      កម្មវិធី​នឹង​ធ្វើ​ការ​ចាកចេញ​ដោយ​ស្វ័យប្រវត្តិ ប្រសិន​បើ​លោកអ្នក​មិន​បាន​ប្រើប្រាស់​វា​ក្នុង​រយៈពេល​ដែលបានកំណត់ និងសកម្មភាពផ្សេងទៀតដែលបណ្តាលអោយកម្មវិធីចាកចេញដោយស្វ័យប្រវត្តិ ក្នុងរយៈពេលដែលបានកំណត់ដោយ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ។

២.៦      លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​ដើម្បី៖

-​   ត្រួតពិនិត្យ​សមតុល្យ​ដែល​នៅ​មាន​ក្នុង​គណនី​ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​ របស់​លោកអ្នក

–   ពិនិត្យមើលគណនីដែលអនុញ្ញាតដោយយើងខ្ញុំ​

-​​   ពិនិត្យមើល​កំណត់ត្រា​នៃ​ប្រតិបត្តិការ​ក្នុង​គណនី ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​របស់​លោក​អ្នក​ ក្នុង​រយៈពេលដែលកំណត់ដោយ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

–   ផ្ទេរ​ប្រាក់​ពី​គណនី​ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​របស់​លោកអ្នក ទៅ​កាន់​គណនី​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​

–   ផ្ទេរ​ប្រាក់​ពី​គណនី ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ​ របស់​លោកអ្នក ទៅ​កាន់​គណនី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ដែលបាន​ចូល​ជា​សមាជិក​នៃ​សេវាកម្ម​ទូទាត់​ភ្លាមៗ​តាម​ប្រព័ន្ធ FAST របស់​ធនាគារជាតិ​នៃ​កម្ពុជា និងប្រព័ន្ធបាគង

–   ទូទាត់​សង​ប្រាក់​ទៅកាន់​គណនី​កម្ចី​របស់​លោកអ្នក ឬ​គណនី​​កម្ចី​ផ្សេង​ទៀត​ណាមួយ​ដែលមាន​នៅក្នុង​​​​ ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

–   បញ្ចូលលុយ​ទូរសព្ទ

–   ទូទាត់វិក្កយបត្រជាមួយដៃគូ និង

–   ប្រើប្រាស់​សេវាកម្ម​ផ្សេង​ទៀត​ណាមួយ​ដែល​អាច​នឹង​បន្ថែម​នៅ​ពេល​ណាមួយ​នាពេល​អនាគត។

២.៧     លោកអ្នក​ អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​វាយ​បញ្ចូល​ព័ត៌មាន​ និង លេខសម្ងាត់ឲ្យ​បាន​ត្រឹមត្រូវ។

២.៨     នៅពេល​ដែល​លោកអ្នក​ធ្វើ​ប្រតិបត្តិ្កការ​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី លោកអ្នក​​នឹង​មាន​ឱកាស​ក្នុងការ​កែប្រែ​ការបញ្ជា​ទូទាត់​ប្រាក់ ហើយ​បន្ទាប់​មក​កម្មវិធី​នឹង​ធ្វើការ​បញ្ជាក់​អំពី​ការ​យល់ព្រម​របស់​​លោកអ្នក​លើ​ការ​បញ្ជាទូទាត់​ប្រាក់​នោះ។ តាមរយៈ​ការ​យល់ព្រម​លើការ​បញ្ជាក់​ទូទាត់​ប្រាក់​នោះ លោកអ្នក​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ធ្វើប្រតិបត្តិការ​ហិរញ្ញវត្ថុ ហើយ​លោកអ្នក ទទួលខុសត្រូវ​លើរាល់​ការ​ខាតបង់​ទាំងអស់ ប្រសិនបើ​ការ​បញ្ជា​ទូទាត់ណាមួយ​របស់​លោកអ្នក​មានភាព​មិន​ត្រឹមត្រូវ។​

២.៩     កម្មវិធី​សេវា​ធនាគារ​ចល័ត​អាច​ប្រើប្រាស់​បាន​តែ​លើ​ទូរស័ព្ទ​ចល័ត ​និង​បណ្តាញ​តភ្ជាប់​ទិន្នន័យ ដែល​គោរពតាម​យថា​ប្រភេទ និង​ទម្រង់រៀបចំ (configuration) ដែល​កំណត់​ដោយ ​​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ហើយ​ការ​កំណត់​នេះ​អាចនឹង​ផ្លាស់ប្តូរ​នៅពេល​ណាមួយ​នា​ពេល​អនាគត។ លោកអ្នក​យល់ព្រម​ទិញ និង​ថែរក្សា​ទូរស័ព្ទ​ចល័ត និង​បណ្តាញ​តភ្ជាប់​ទិន្នន័យ​ដែល​បាន​គោរពតាម​លក្ខខណ្ឌ​តម្រូវ​ទាំងនោះ ​ក្រោម​បន្ទុក​ចំណាយ​របស់​លោកអ្នក។ កម្រៃ​សេវា​ដែល​ត្រូវ​បង់​ដល់​ប្រតិបត្តិការ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​អាច​មាន​ការ​ប្រែប្រួល។ អតិថិជន​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការបង់​កម្រៃសេវា​ទាំងនោះ។​

២.១០   ចំនួន​កំណត់​សម្រាប់​ប្រតិបត្តិការ​ប្រចាំថ្ងៃមិនត្រូវបាន​កម្រិត​សម្រាប់​គណនី​ប្រើប្រាស់​សេវាធនាគារ​ចល័តមួយ តែកម្រិតទៅតាមប្រភេទនៃប្រតិបត្តិការនីមួយៗ។

២.១១   ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាច​ផ្លាស់ប្ដូរ​នូវ​សេវាកម្ម​ដែល​មានចែង​ក្នុង​ប្រការ២.៤ និង​ដំណើរការ​របស់​កម្មវិធី​នៅពេល​ណាមួយ​នាពេល​អនាគត។​ នៅពេល​ដែល​អតិថិជន​​បន្ត​ចូល​ទៅ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​បន្ទាប់ពី​មាន​ការ​ជូនដំណឹង​ មានន័យថា  អតិថិជន​បាន​ទទួលស្គាល់ និង​យល់ព្រម​លើរាល់​ការ​ផ្លាស់ប្ដូរ​ទាំងនោះ។​

២.១២​  កម្មវិធី​សេវា​ធនាគារ​ចល័ត​មាន ”រយៈពេល​ផ្អាក​សកម្មភាព​ដំណើរការ​កម្មវិធី”។​ លើសពីនេះទៅទៀត ​​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ក៏​អាច​ធ្វើការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរការ​នៃ​សេវា​ធនាគារ​ចល័ត​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ជួសជុល​ថែទាំ និង​កែសម្រួល​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ឬ​ក្នុង​មូលហេតុ​ណាមួយ​ផ្សេង​ទៀត ស្របតាម​ឆន្ទានុសិទ្ធិ​របស់ ​​​​ធនាគារ អ៊ូរី     (ខេមបូឌា) ម.ក និង​ដោយ​មិនមាន​ការ​ជូនដំណឹង​ជាមុន​ដល់​អតិថិជន។ ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិន​ទទួលខុសត្រូវ​លើរាល់​ការ​ខាតបង់ ការ​ទទួលខុសត្រូវ ឬ​ការ​ខូចខាត​ណាមួយ​ដែលអាច​កើតមាន​ឡើង ដោយ​បណ្តាល​មកពី​ការ​ផ្អាក ឬការព្យួរ​សកម្មភាព​ដំណើរការ​កម្មវិធី​នេះ​ឡើយ។

២.១៣  វិសាលភាព​នៃ​ការ​ប្រើប្រាស់ លក្ខណៈ​សណ្ឋាន និង​មុខងារ​របស់​សេវា​ធនាគារ​ចល័ត អាច​មាន​ការកែប្រែ​នៅ ពេល​ណាមួយ​នាពេល​អនាគត។ លោកអ្នក បានយល់ព្រម និងទទួលស្គាល់​ថា​ នាពេល​អនាគត ​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាច​បន្ថែម​សេវាកម្ម​ថ្មី ឬ​មិន​បន្ត​ផ្ដល់​នូវ​សេវា​ធនាគារ​ចល័ត​ណាមួយ​ដែល​កំពុង​ផ្ដល់​ឲ្យ​នាពេល​បច្ចុប្បន្ន​នេះ។​

២​.១៤   ព័ត៌មាន​មួយ​ចំនួន​ដែល​មាន​នៅលើ​កម្មវិធី​សេវា​ធនាគារ​ចល័ត ត្រូវ​បាន​តភ្ជាប់​ពី​ ឬ​ទៅកាន់​គេហទំព័រ​របស់ ​​​​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​(www.wooribank.com.kh)។ ព័ត៌មាន​ទាំងនេះ ក៏​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ផងដែរ នៅពេលដែល​យើងខ្ញុំ ធ្វើ​បច្ចុប្បន្នភាព​លើ​គេហទំព័រ។​

២.១៥ ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​កម្មវិធី អាច​នឹង​ត្រូវ​បាន​ផ្ដល់​ជូន​នៅលើ App Store (សម្រាប់​ទូរស័ព្ទ​ដែល​ដំណើរការប្រព័ន្ធ iOS) Play Store (សម្រាប់​ទូរស័ព្ទ​ដែល​ដំណើរការ​ប្រព័ន្ធ Android) ឬ​បណ្តាញ​ជាក់លាក់​ណាមួយ។ កម្មវិធី អាចនឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ ឬ​តម្រូវ​អោយ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង ដោយអាស្រ័យ​លើ​ឧបករណ៍​នីមួយៗ​របស់​លោកអ្នក​។ សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​មួយចំនួន​ លោកអ្នក​មិន​អាច​ប្រើប្រាស់​កម្មវិធីនេះ​បាន​ឡើយ រហូត​ទាល់តែ​កម្មវិធី​ចុងក្រោយ​បំផុត ត្រូវ​បាន​ដោនឡូត​ពេញ​លេញ។

ការហាមឃាត់

២.១៦   លោកអ្នក មិនត្រូវ​ថតចម្លង ឬ​បង្កើត​ឡើងវិញ​ទាំងស្រុង ឬដោយផ្នែក​ណាមួយ នៃ​កម្មវិធី​សេវា​ធនាគារ​ចល័តឡើយ។

២‌.១៧  លោកអ្នក​មិនត្រូវ​កែប្រែ​ ឬយក​លំនាំ​តាម​ទាំងស្រុង ឬដោយ​ផ្នែក​ណាមួយ​នៃ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ឡើយ។

២.‌១៨   លោកអ្នក មិនត្រូវ​ដកចេញ ឬផ្លាស់ប្តូរការ​ប្រកាស​លើ​សិទ្ធិ​អ្នកនិពន្ធ​ដែល​ភ្ជាប់ ឬមាន​នៅក្នុង​កម្មវិធី​សេវាធនាគារ​ចល័ត​ឡើយ។ សិទ្ធិជាកម្មសិទ្ធិ​ទាំងអស់​លើ​កម្មវិធី​សេវា​ធនាគារ​ចល័ត គឺជា​របស់​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។​

២.១៩   លោកអ្នក មិនត្រូវ​ផលិត​ជាថ្មី​ឡើងវិញ (Reverse Engineering) នូវ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ដោយ​យកលំនាំ​តាម​ព័ត៌មាន​បច្ចេកទេស​របស់​កម្មវិធី​ឡើយ។

២.២០  លោកអ្នក​មិន​ត្រូវ​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណែត​ណាមួយ​ដើម្បី​​ធ្វើឲ្យ​ប៉ះពាល់ ឬបង្ក​ការ​ខូចខាត​ដល់​ការ​ប្រើប្រាស់​កម្មវិធី​របស់​អ្នកដទៃ និង​មិនត្រូវ​ព្យាយាម​ប្រើប្រាស់​អ៊ីនធឺណែត​នោះ ដើម្បី​ទទួលបាន​ការ​ចូល​ទៅ​កាន់សេវាកម្ម ទិន្នន័យ ឬគណនី​ណាមួយ​ដោយ​គ្មាន​ការ​អនុញ្ញាត បើទោះបី​តាម​​មធ្យោបាយ​​ណាក៏​ដោយ។​

 

៣.​        គណនី​សន្សំ​ដែលអាច​ប្រើប្រាស់​ជាមួយ​កម្មវិធី

៣.១     មាន​តែ​គណនី​សន្សំ​ឯកត្ត​បុគ្គល​ (គណនី​សង្ឃឹម) ក្នុង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ឬខ្មែរ​រៀល​តែ​ប៉ុណ្ណោះ ដែលអាច​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​នាពេល​បច្ចុប្បន្ន​បាន។ លោកអ្នក មិន​អាច​ប្រើប្រាស់សេវា​ធនាគារចល័ត​ដោយ​លាយឡំ​ជាមួយ​នឹង​គណនី​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ។ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក រក្សា​សិទ្ធិ​ក្នុងការ​ផ្លាស់ប្តូរ​នូវប្រភេទគណនី​ដែល​អាច​​ប្រើប្រាស់​ជាមួយ​កម្មវិធី ដែល​អាច​តភ្ជាប់​ទៅ​នឹង​សេវា​ធនាគារ​ចល័ត​បាន នៅពេល​ណាមួយនា​ពេល​   អនាគត។

៣.២     តាមរយៈ​ការ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត និង​ការ​យល់ព្រម​លើ​បញ្ញត្តិ និង​លក្ខខណ្ឌ​ទាំងអស់​នេះ លោកអ្នក​យល់ព្រម​បង្កើត និង​តភ្ជាប់​គណនី​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​របស់​លោកអ្នក​ទៅ​កាន់​គណនីសន្សំ​ទាំងអស់​ដែល​លោកអ្នក​បាន​បើក​មកទល់​ពេល​បច្ចុប្បន្ន និង​គណនី​ដែល​លោកអ្នក​នឹង​បើក​នាពេលអនាគត ​ដើម្បី​ធ្វើ​ប្រតិបត្តិការហិរញ្ញ

វត្ថុ។

៤.        សុវត្ថិភាព

៤.១​      លោកអ្នក ត្រូវ​មាន​ភាពប្រុងប្រយ័ត្ន​ជាមុន​ក្នុងការ​រក្សា​សុវត្ថិភាព និង​ការពារ​ការ​ប្រើប្រាស់​ដោយ​ទុច្ចរិត​នូវទូរស័ព្ទ​ដែល​បាន​បញ្ចូល​កម្មវិធី​សេវា​ធនាគារ​ចល័ត និង​ព័ត៌មាន​សុវត្ថិភាព​របស់​លោកអ្នក។

៤.២     លោកអ្នក មិនត្រូវ​ទុក​ទូរស័ព្ទ​របស់​លោកអ្នក​ចោល​ (ដែល​ទូរស័ព្ទនោះ​មាន​បញ្ចូល​នូវ​កម្មវិធី) ដោយ​មិន​ប្រុងប្រយ័ត្ន​ដែល​អាច​ធ្វើឲ្យ​បុគ្គល​ណាមួយ​អាចប្រើប្រាស់​ទូរស័ព្ទ​របស់​លោកអ្នក​ដោយ​មិន​ដឹង​ខ្លួន ឬ​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់​ទូរស័ព្ទ​របស់​លោកអ្នក​​នៅពេល​ដែល​លោកអ្នក​កំពុង​បើក​កម្មវិធី​សេវា​ធនាគារ​ចល័ត ឬ​នៅក្នុង​ស្ថានភាព​ណាមួយ​ដែល​អាច​ឲ្យបុគ្គល​ផ្សេងទៀត​អាចនឹង​មាន​លទ្ធភាព​ចូល​ទៅ​កាន់​គណនី​របស់​លោកអ្នក  ឬ​ប្រើប្រាស់​សេវា​ធនាគារចល័ត​ទោះបីជា​មាន ឬមិនមាន​ការ​យល់ព្រម​ពី​លោកអ្នក​ក៏ដោយ។​

៤.៣     រក្សាសុវត្ថិភាពនូវឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ ដែលត្រូវបានបង្កើតដោយលោកអ្នក ដោយអនុវត្តតាមគោលការណ៍ បង្កើតឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ កំណត់ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ លោកអ្នកត្រូវប្រាកដថា ការរក្សាទុក វាជាការសម្ងាត់របស់លោកអ្នកតែប៉ុណ្ណោះ។

៤.៤      លោកអ្នកក៏ត្រូវបានអនុញ្ញាតអោយប្តូរ ឬកំណត់លេខសម្ងាត់ថ្មីរបស់លោកអ្នកដោយខ្លួនឯងក្នុងកម្មវិធីធនាគារចល័តធនាគារ អ៊ូរី (ខេមបូឌា) ម.ក​​ ដែលតម្រូវអោយបំពេញព័ត៌មានលោកអ្នកដោយទំនួលខុសត្រូវខ្លួនឯងផ្ទាល់នៅក្នុង កាលៈទេសៈមានសុវត្ថិភាពណាមួយ។

៤.៥      លោកអ្នក ត្រូវ​ធានា​ក្នុងការ​ការពារ​ព័ត៌មាន​សុវត្ថិភាព​របស់​លោកអ្នក។

៤.៦      លេខសម្ងាត់ត្រូវបានទាមទាររាល់ការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពណាមួយនៅលើកម្មវិធីធនាគារចល័ត ។

៤.៧     លោកអ្នក មិន​ត្រូវ​បង្ហាញ​ឲ្យដឹង​នូវ​ព័ត៌មាន​សុវត្ថិភាព​របស់​លោកអ្នក​ទៅ​បុគ្គល​ណាមួយ រាប់បញ្ចូល​ទាំង​យើងខ្ញុំ។ នៅពេល​ដែល​លោកអ្នក​ទូរស័ព្ទ​មកកាន់​ផ្នែក​បម្រើ​សេវា​អតិថិជន​របស់​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ដើម្បី​សុំ​ជំនួយ លោកអ្នក​គ្រាន់តែផ្តល់ព័ត៌មានមួយចំនួនរបស់លោកអ្នក​តែប៉ុណ្ណោះ​ ដើម្បីផ្ទៀងផ្ទាត់ ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ប្រាប់​លេខកូដ​សំងាត់​ប្រើប្រាស់​កម្មវិធី ឬ OTP ដល់​យើងខ្ញុំ​ឡើយ។

៤.៨      លោកអ្នក ត្រូវ​ផ្លាស់ប្ដូរ​ព័ត៌មាន​សុវត្ថិភាព​ជាបន្ទាន់ និង​ជូនដំណឹង​មក​យើងខ្ញុំ​ភ្លាមៗ​តាម​ដែលអាច​ធ្វើ​បាន នៅពេល​ដែល​លោកអ្នក​ដឹង ឬសង្ស័យ​ថាមាន​បុគ្គល​ណាមួយ​បានដឹង​អំពី​ព័ត៌មាន​សុវត្ថិភាព​របស់​លោកអ្នក។

៤.៩      លោកអ្នក​ត្រូវ​បិទ​​កម្មវិធី ​បន្ទាប់​ពី​លោកអ្នក​ឈប់​ប្រើប្រាស់​កម្មវិធី។

៤.១០   ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នឹងអាចកែប្រែ និង/ឬ បន្ថែមការកំណត់សុវត្ថិភាពនៅលើកម្មវិធីធនាគារចល័តដោយមិនមានការជូនដំណឹងជាមុនឡើយ។

៤.១១   ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិន​ត្រូវ​បាន​ចងភ្ជាប់​កាតព្វកិច្ច ឬមាន​កាតព្វកិច្ច​​ចាត់​វិធានការ ឬការ​បញ្ជា​ណាមួយ​ដែល​មិន​គោរពតាម​បញ្ញត្តិ និងលក្ខខណ្ឌ​ទាំងអស់នេះ ហើយ​យើងខ្ញុំ​អាច​បដិសេធ​មិន​ទទួលយក​​​នូវ​ការ​បញ្ជា​ដែលមិនគោរពតាម​បញ្ញត្តិ និងលក្ខខណ្ឌ​នោះ។

៤.១២   លោកអ្នក មិនត្រូវ​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​ចល័ត​នៅលើ​ឧបករណ៍ ឬប្រព័ន្ធ​ប្រតិបត្តិការ​ណាមួយ​ដែល​ត្រូវបាន​កែច្នៃ ផ្លាស់ប្តូរ ដោះសោរ (Jailbreak) ឬកែប្រែ​ប្រព័ន្ធ​ខាងក្នុង (Root)។ ឧបករណ៍​ដែល​ដំណើរការ​លើប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​កែច្នៃ ផ្លាស់ប្តូរ ដោះសោរ (Jailbreak) និងកែប្រែ​ប្រព័ន្ធ​ខាងក្នុង (Root) សំដៅលើឧបករណ៍​ដែល​ត្រូវបាន​កែប្រែ​ឲ្យ​រួចផុត​ពី​ដែនកំណត់​ដែល​កម្រិត​ដោយ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ និងអ្នកផលិត​ទូរស័ព្ទ ដោយ​មិនមាន​ការ​យល់ព្រម​ពី​បុគ្គល​ទាំងនោះ។

៤.១៣  ដើម្បីសុវត្ថិភាព​ កម្មវិធីធនាគារចល័ត ត្រូវបានភ្ជាប់ជាមួយឧបករណ៍របស់លោកអ្នកដែលធ្វើការចុះឈ្មោះ ដោយមិនអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្សេងទៀតចូលប្រើប្រាស់បាន ប្រសិនបើវាមិនត្រូវបានលុបចេញ​ ឬតម្លើងជាថ្មី។

៤.១៤   បន្ទាប់ពី​បាន​ចុះឈ្មោះ​រួចរាល់  ធនាគារ អ៊ូរី (ខេមបូឌា) ម.ក នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​លោកអ្នក ឬអោយ​បុគ្គល​ណាមួយ​ធ្វើការទាក់ទង​ទៅ​លោកអ្នក​ក្នុងនាម​យើងខ្ញុំ ដើម្បី​ឲ្យ​លោកអ្នក​បង្ហាញ​ឲ្យដឹង​នូវ​ព័ត៌មាន​សុវត្ថិភាព​ទាំងអស់​របស់លោកអ្នក​ឡើយ។ ក្នុងករណី​ដែល​លោកអ្នក​ទទួលបាន​ការ​ស្នើសុំ​ដូចខាងលើ​ពី​បុគ្គល​ណាមួយ ទោះបីជាបុគ្គល​នោះ​ប្រើ​ឈ្មោះ  ឬស្លាក​សញ្ញា​ក្រុមហ៊ុន​របស់​យើងខ្ញុំ​ក៏ដោយ យើងខ្ញុំ​សូម​ជម្រាបជូន​ថា​សំណើ​នោះ​អាចជាការ​ក្លែងបន្លំ​ ហើយ​លោកអ្នក​មិនត្រូវ​ផ្ដល់​ព័ត៌មាន​សុវត្ថិភាព​របស់​លោកអ្នក​ទៅកាន់​បុគ្គល​នោះ​ឡើយ ទោះបីជា​នៅក្នុង​កាលៈទេសៈ​ណាមួយ​ក៏ដោយ ហើយ​លោកអ្នក​ត្រូវ​រាយការណ៍​អំពី​ការ​ស្នើសុំ​នោះ​មកកាន់​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​​ ជាបន្ទាន់។

៤.១៥   ក្នុងករណី​លោកអ្នក​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ លោកអ្នក​ត្រូវ​មកកាន់​សាខា​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ​ណាមួយ​ដែល​នៅជិត​លោកអ្នក​បំផុត ដើម្បី​ស្នើសុំ​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ​នោះ​ជាបន្ទាន់​តាម​ដែលអាច​ធ្វើ​បាន។

៥.        ការផ្ទៀងផ្ទាត់ Biometric

លោកអ្នកក៏អាចចូលប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដោយប្រើប្រាស់ក្រយ៉ៅដៃ ការសម្គាល់ដោយផ្ទៃមុខ និង/ឬ ការសម្គាល់លក្ខណៈជីវសាស្រ្តណាមួយ (តទៅនេះជារួមសំដៅលើទិន្នន័យ Biometric) នៃមុខងារអនុញ្ញាតនៅក្នុងកម្មវិធី (តទៅនេះសំដៅលើមុខងារ)។ ដើម្បីប្រើប្រាស់ អតិថិជនត្រូវឯកភាពជាមួយបទបញ្ញត្តិ និងលក្ខខណ្ឌដូចខាងក្រោម៖

៥.១      ការប្រើប្រាស់មុខងារនេះជាការស្ម័គ្រចិត្ត ហើយពុំមានការរឹតត្បិតក្នុងការប្រើប្រាស់ការសម្គាល់ណាមួយឡើយ។

៥.២     នៅពេលដែលលោកអ្នកបើកដំណើរការមុខងារនេះ ការចូលប្រើប្រាស់កម្មវិធីធនាគារចល័តនឹងអាចប្រើប្រាស់ជាមួយ ទិន្នន័យ Biometric របស់លោកអ្នកជំនួសអោយការបញ្ចូលលេខសម្ងាត់។ សេវាកម្មមួយចំនួន ដូចជាការទូទាត់ ការផ្ទេរប្រាក់ទៅគណនីផ្សេងទៀតក្រៅពីគណនីផ្ទាល់ខ្លួន នៅតែតម្រូវអោយប្រើប្រាស់លេខសម្ងាត់ដែលទទួលស្គាល់ ដោយធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដើម្បីអនុញ្ញាតប្រតិបត្តិការ។

៥.៣     ការប្រើប្រាស់មុខងារនេះគឺអាស្រ័យលើបច្ចេកវិទ្យា និងកម្មវិធីនៅលើឧបករណ៍ចល័តរបស់លោកអ្នក ហើយក៏អាស្រ័យលើសមត្ថភាពក្នុងការចាប់យកទិន្នន័យ Biometric។ យើងខ្ញុំមិនបានគ្រប់គ្រង ឬដំណើរការទិន្នន័យ Biometric របស់ លោកអ្នកឡើយ។

៥.៤      ទិន្នន័យ Biometric ទាំងអស់ ដែលបានរក្សាទុកក្នុងឧបករណ៍ចល័តរបស់លោកអ្នកមុនពេលបើកដំណើរការមុខងារនេះ អាចប្រើប្រាស់បានសម្រាប់អនុញ្ញាតប្រតិបត្តិការ។​ នេះជាមូលហេតុដែលលោកអ្នកត្រូវប្រាកដថា មាន​តែ​ទិន្នន័យ Biometric ប៉ុណ្ណោះដែលបាន​រក្សាទុកក្នុងឧបករណ៍ចល័តរបស់លោកអ្នកមុនពេលបើកដំណើរការមុខងារនេះ។ ទិន្នន័យBiometric ដទៃទៀតទាំងអស់ត្រូវលុបចេញពីឧបករណ៍របស់លោកអ្នក មុនពេលបើកដំណើរការមុខងារ។

៥.៥      ដើម្បីបង្ការការបំពានណាមួយ និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ការផ្ទៀង​ផ្ទាត់​របស់លោកអ្នកដោយប្រើប្រាស់ ទិន្នន័យBiometric ត្រូវតែប្រាកដថាលោកអ្នកមិនអនុញ្ញាតអោយអ្នកផ្សេងទៀតប្រើប្រាស់ឧបករណ៍ឡើយ។

៥.៦      សកម្មភាពទាំងអស់ដែលកើតឡើយដោយការប្រើប្រាស់មុខងារអនុញ្ញាតជាមួយទិន្នន័យBiometric ត្រូវបានចាត់ទុកថា ធ្វើឡើងដោយអតិថិជនដែលបានបើកដំណើរការមុខងារក្នុងឧបករណ៍ចល័ត និងភ្ជាប់ជាមួយអតិថិជនដែលមានសិទ្ធិ ពេញលេញក្នុងការប្រើប្រាស់មុខងារនេះ។

៥.៧     ប្រសិនបើមុខងារផ្ទៀង​ផ្ទាត់ដោយប្រើប្រាស់ទិន្នន័យBiometric នៅលើឧបករណ៍មិនអាចសម្គាល់ទិន្នន័យBiometric របស់លោកអ្នកបាន លោកអ្នកត្រូវចូលប្រើប្រាស់កម្មវិធីធនាគារចល័តជាមួយលេខសម្ងាត់ដែលទទួលស្គាល់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

៥.៨      យើងខ្ញុំមានសិទ្ធិ ទោះជាពេលណាមួយ ដោយមាន ឬមិនមានការជូនដំណឹងជាមុនក្នុងការការពារការចូលប្រើប្រាស់ ជាមួយមុខងារនេះ ទៅលើសេវាកម្មណាមួយ ឬច្រើន ឬបិទការប្រើប្រាស់មុខងារនេះទាំងអស់។

៥.៩      អតិថិជនត្រូវបញ្ជាក់ពីការបើកដំណើរការមុខងារជាមួយលេខសម្ងាត់ដែលទទួលស្គាល់ដោយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

៥.១០   មុខងារនេះត្រូវបានបើកដំណើរការផ្សេងៗពីគ្នារាល់ឧបករណ៍នីមួយៗ។

៥.១១   ប្រសិនបើមានការបន្ថែមទិន្នន័យBiometricថ្មីទៅឧករណ៍របស់លោកអ្នក មុខងារនេះត្រូវបានបើកដំណើរការឡើងវិញ ឬដំណើរការដោយស្វ័យប្រវត្តិជាមួយទិន្នន័យBiometricថ្មីទៅតាមការកំណត់លក្ខណៈបច្ចេកទេស។​ នៅក្នុងឧបករណ៍ មួយចំនួន (អាស្រ័យតាមបច្ចេកវិទ្យា និងកម្មវិធីរបស់ឧបករណ៍) ការបើកដំណើរការមុខងារឡើងវិញត្រូវការជាចាំបាច់ ក្រោយពីការលុបទិន្នន័យBiometric។

៥.១២   មុខងារនេះនឹងអាចបិទដំណើរការតាមវិធីដូចខាងក្រោម៖

  • ការបិទមុខងារនៅក្នុងកម្មវិធីធនាគារចល័តរបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។ បន្ទាប់ពីនេះតទៅ មុខងារនឹងមិនអាច ប្រើប្រាស់នៅក្នុងកម្មវិធីទៀតឡើយ។
  • ការលុបទិន្នន័យBiometricចេញពីការកំណត់នៅលើឧបករណ៍របស់លោកអ្នក។ បន្ទាប់ពីនេះតទៅមុខងារនឹងមិន អាចប្រើប្រាស់នៅក្នុងកម្មវិធីភ្លាមៗ។

៥.១៣  ការប្រើប្រាស់ការអនុញ្ញាតដោយប្រើទិន្នន័យBiometricត្រូវបានបញ្ចប់តាមវិធីខាងក្រោម៖

  • ការលុបកម្មវិធីធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

៥.១៤   ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ រក្សាសិទ្ធិមិនទទួលខុសត្រូវការបាត់បង់ណាមួយរបស់លោកអ្នកដោយការផ្ទៀង​ផ្ទាត់តាម Biometric ដែលបានបើកដំណើរការដោយលោកអ្នក។

៥.១៥   ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ មានសិទ្ធិកែប្រែបញ្ញត្តិទាំងនេះជាឯកតោភាគីដូចមានចែងក្នុងបញ្ញត្តិ និងលក្ខខណ្ឌ ទូទៅនៃសេវាធនាគារចល័តរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

៦.        ការ​ទទួលខុសត្រូវ និងសំណង​ការ​ខូចខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦.១      ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខកខាន​ក្នុងការ​ផ្ដល់​សេវា​ធនាគារ​ចល័ត​ដោយ​ផ្នែក​ណាមួយ ឬទាំង​ស្រុង​ដែល​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី និង​កាលៈទេសៈ​ដែល​មិនអាច​រំពឹងទុក​មុន​បាន​ហើយ​លើសពីសមត្ថភាព​របស់​យើងខ្ញុំ​ក្នុងការ​គ្រប់គ្រង ដោយ​បង្ក​ឲ្យ​មាន​ផលវិបាក​កើត​មាន​ឡើង​ដោយ​មិន​អាច​ចៀស​វាងបាន ទោះបីជា​យើងខ្ញុំ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​ក៏ដោយ។​ ការ​ខកខាន​នោះ រាប់​បញ្ចូលទាំង​ការ​ខកខាន​ខាង​ប្រព័ន្ធ​បណ្ដាញ​ទូរស័ព្ទ ឬក្នុងករណី​លោកអ្នក​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​សេវា​ទូរស័ព្ទមិនអាច​គ្របដណ្ដប់​បាន។

៦.២     កម្មវិធី ត្រូវបាន​ផ្តល់ជូន​អតិថិជន​ដោយមាន​មុខងារ​ពេញ​លក្ខណៈ ហើយ​យើងខ្ញុំ មិន​ធ្វើការ​អះអាង ធានា ឬព្រមព្រៀង​ក្នុងករណី​ណាមួយ​លើ​ភាព​ពេញ​លក្ខណៈ​នៃ​មុខងារ​នោះ​ឡើយ។ យើងខ្ញុំ មិន​ធានា​ថា​មិនមានវីរុស ឬ​ការ​ចម្លង​មេរោគ ឬ​ការ​បង្ក​ឲ្យមាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​ចម្លង​ចូល​ទូរស័ព្ទ​របស់​លោកអ្នក  ឬុមិនមាន​ការ​ខូចខាត​ណាមួយនឹង​កើត​មាន​ឡើង​ចំពោះ​ទូរស័ព្ទ​របស់​លោកអ្នក​ឡើយ។ យើងខ្ញុំ មិន​ទទួល​ខុសត្រូវលើ​ការ​ខាតបង់​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​បណ្ដាល​មកពី​មូលហេតុ​ខាងលើ​នោះ​ឡើយ។​

៦.៣     យើងខ្ញុំ មិន​ទទួល​ខុសត្រូវ​ចំពោះ​លោកអ្នក​ឡើយ  ប្រសិនបើ​យើងខ្ញុំ​មិនបាន​គោរព​តាម​បញ្ញត្តិ និង​លក្ខខណ្ឌណាមួយ​ដោយសារ​ភាព​មិន​ប្រក្រតី និង​កាលៈទេសៈ​ដែល​មិន​អាច​រំពឹងទុក​មុន​បាន​ហើយលើសពីសមត្ថភាពរបស់យើងខ្ញុំក្នុងការគ្រប់គ្រង ដោយបង្កអោយមានផលវិបាកកើតមានឡើងដោយមិនអាចចៀសវាងបាន ទោះបីជាយើងខ្ញុំបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ក៏ដោយ។

៦.៤      លោកអ្នក បានយល់ព្រមថាធានាសង និងផ្ដល់សំណងការខូចខាតដល់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក លើរាល់ការខូចខាត ការខាតបង់ ការចំណាយ ឬការទទួលខុសត្រូវដែល ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទទួលរ៉ាប់រងដោយបណ្ដាលមកពីការបំពានណាមួយ​របស់​លោកអ្នក​លើ​កិច្ច​ព្រមព្រៀង​នេះ។

៧.        កម្រៃ​សេវា

៧.១     នាពេល​បច្ចុប្បន្ន ការ​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត គឺ​មិនមាន​ការ​គិតថ្លៃ​ឡើយ។​  ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ណាមួយ​ដែល​ធ្វើឡើង​ចេញពី​គណនី​ដែល​មាន​នៅ​ក្នុង ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ទៅ​កាន់​គណនី​ដែល​មាន​នៅ​ក្នុង​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក គឺ​មិនមាន​ការ​គិតថ្លៃ​ឡើយ។​ ​

៧.២     ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ណាមួយ ដែល​ធ្វើ​ឡើង​ទៅ​កាន់​គណនី​ដែល​មាននៅ​ជាមួយ​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃផ្សេងទៀត​ណាមួយ គឺ​ត្រូវ​​គិត​កម្រៃ​សេវា​ដែល​បាន​បង្ហាញ​នៅក្នុង​កម្មវិធី នៅពេល​ដែល​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នោះ។ លោកអ្នក ក៏អាច​សាកសួរ​អំពី​អត្រា​កម្រៃ​សេវា​នេះ​នៅតាម​សាខា ឬបុគ្គលិក​បម្រើ​សេវាកម្មអតិថិជន​របស់​យើងខ្ញុំ​ផងដែរ។​

៧.៣​     នៅពេល​ណាមួយ​នាពេល​អនាគត ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាច​គិត​កម្រៃ​សេវា និងសោហ៊ុយ​ដាច់​ដោយឡែក ឬ​ថ្មី​មួយចំពោះ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត  ដោយ​យើងខ្ញុំ​នឹង​ជូនដំណឹង​ដោយ​សមស្រប​អំពី​ការ​ផ្លាស់ប្តូរ​នេះ​ទៅកាន់​លោកអ្នក។

៨.        ការព្យួរ ឬការបញ្ចប់

៨.១​      ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាចព្យួរ ឬបញ្ចប់​សិទ្ធិ​របស់​លោកអ្នក​ក្នុងការ​ចូល​ទៅ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​នៅពេល​ណាមួយ​ស្របតាម​ឆន្ទានុសិទ្ធិ​តែមួយគត់​របស់ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ដោយ​មិនមាន​ការ​ជូនដំណឹង​មុន​នៅពេល​ដែល៖

–      យើងខ្ញុំ​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​កម្មវិធី​សេវា​ធនាគារ​ចល័ត

–      យើងខ្ញុំ​សង្ស័យ​ថា កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​លោកអ្នក​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្លែងបន្លំ ឬ​ដោយ​​មិនមាន​ការ​អនុញ្ញាត​ត្រឹមត្រូវ

–      យើងខ្ញុំ​សន្មត​ថា​លោកអ្នក​បំពាន​បញ្ញត្តិ និងលក្ខខណ្ឌ​ទាំងអស់​នេះ ឬ

–      យើងខ្ញុំ​ត្រូវ​បាន​តម្រូវ​ឲ្យ​ព្យួរ ឬបញ្ចប់​សិទ្ធិ​របស់​លោកអ្នក​ដោយ​ច្បាប់ ដីកាបង្គាប់​របស់​តុលាការ ឬធនាគារជាតិ​នៃ​កម្ពុជា។​

៨.២     យើងខ្ញុំ នឹង​បញ្ចប់​សិទ្ធិ​របស់​លោកអ្នក​ក្នុងការ​ចូលទៅ​ប្រើប្រាស់​សេវាធនាគារចល័ត  ប្រសិនបើ​លោកអ្នក ឈប់​ប្រើប្រាស់​គណនី​សន្សំ​ដែល​តភ្ជាប់​ដើម្បី​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគា​ចល័ត​ជាមួយ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ឬ ប្រសិន​បើ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក​ ឬបុគ្គល​​ផ្សេង​ទៀត​ណាមួយ​បាន​ដាក់​កម្រិត​មិន​អោយ​លោកអ្នក​ចូលទៅ​ប្រើប្រាស់គណនី​នោះ​ដោយ​មូលហេតុ​ណាមួយ។

៨.៣     លោកអ្នក អាច​បញ្ឈប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​របស់​លោកអ្នក ដោយ​លោក​អ្នក​ទៅ​បំពេញ​ទម្រង់បែបបទ​ស្នើសុំ​បញ្ឈប់​នៅ​សាខា​ណាមួយ​របស់​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

៨.៤      លោកអ្នក ទទួលស្គាល់​ថា​ការ​ព្យួរ ឬការ​បញ្ឈប់​នេះនឹង​មិន​ប៉ះពាល់​ដល់​ការ​ទទួល​ខុសត្រូវ ឬ​កាតព្វកិច្ច​របស់លោកអ្នក​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ទូទាត់​ប្រាក់​ណាមួយ ដែល​លោកអ្នក​បាន​បញ្ជាក់​តាមរយៈ​កម្មវិធីឲ្យ​ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ធ្វើ​ប្រតិបត្តិ្កការ​ហិរញ្ញវត្ថុ ជូន​លោកអ្នក។

៩.        ករណី​ប្រធានសក្តិ

៩.១      មិនមាន​ភាគី​ណាមួយ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ខកខាន​ក្នុងការ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ស្របតាម​បទបញ្ញត្តិ និងលក្ខខណ្ឌ​នេះ​ឡើយ ប្រសិនបើ​ការ​ខកខាន​នោះ កើតមាន​ឡើង​បណ្ដាល​មកពី​ករណី​ប្រធានសក្តិ។

៩.២     សម្រាប់​គោលបំណង​នៃ​បទបញ្ញត្តិ និង​លក្ខខណ្ឌ​នេះ​ ករណី​ប្រធានសក្តិ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល ​ធនាគារ អ៊ូរី          (ខេមបូឌា) ម.ក ​មិន​អាចគ្រប់គ្រង​បាន​ដូចជា៖ សកម្មភាព​ភេរវកម្ម សង្រ្គាម អគ្គីភ័យ ការផ្ទុះ រញ្ជួយដី​ ការបាក់ស្រុតដី ខ្យល់ព្យុះ ទឹកជំនន់ ជម្ងឺឆ្លង ការ​រាលត្បាតជម្ងឺ ឬការ​បង្ខាំង​ទុក​ដាច់​ដោយ​ឡែក​ដើម្បី​ការពារ​រោគឆ្លង (health quarantines)។

១០.      ព័ត៌មាន​ឯកជន

យើងខ្ញុំ​នឹង​ធានា​ថា​ព័ត៌មាន​ឯកជន​របស់​លោកអ្នក​ត្រូវ​បាន​ការពារ​តាមរយៈ៖

ក. ការ​​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​ទូទៅ​ក្នុង​ការ​រក្សា​ការ​សំងាត់​ជូន​ចំពោះ​លោកអ្នក លើកលែង​តែ​ក្នុងករណី​មួយ​ចំនួន​ដូច​ខាងក្រោម៖

ក.១ ដរាបណា​ការ​បើក​បង្ហាញ​ព័ត៌មាន​របស់​លោកអ្នក​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់

ក.២ ដរាបណា​យើងខ្ញុំ​មាន​កាតព្វកិច្ច​ចំពោះ​សាធារណជន ក្នុង​ការ​បើក​បង្ហាញ​ព័ត៌មាន​របស់​លោកអ្នក និង

ក.៣ ដរាបណា​យើងខ្ញុំ​ទទួល​បាន​ការ​យល់​ព្រម​ពី​លោកអ្នក​ដោយ​ជាក់លាក់ ឬដោយ​ប្រយោល​ក្នុង​ការ​បើកបង្ហាញ​ព័ត៌មាន​នោះ។

ខ. ​រក្សា​ព័ត៌មាន​របស់​លោកអ្នក​ទុក​ជា​ការ​សំងាត់ ​និងឯកជន និង

គ. បញ្ឈប់​ការ​ប្រើប្រាស់​ព័ត៌មាន​របស់​លោកអ្នក​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ទីផ្សារ ឬ​​បញ្ឈប់​ការ​ទាក់ទង​ទៅលោកអ្នក​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា​ផ្ទាល់​ខ្លួន ប្រសិនបើ​លោកអ្នក​ជូន​ដំណឹង​ដល់​យើងខ្ញុំ​ថា​លោកអ្នកជំទាស់​នឹង​ការ​អនុវត្ត​ទាំងអស់​នេះ។

១១.​      ការ​កែប្រែ​បញ្ញតិ្ត និង​លក្ខខណ្ឌ

១១.១   ស្របតាម​ឆន្ទានុសិទ្ធិ​តែមួយគត់​របស់​ខ្លួន ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាច​កែប្រែ​កម្រៃ​សេវា កំណត់​កម្រៃ​សេវា​ថ្មី និង​កែប្រែ បញ្ឈប់ ឬបន្ថែម​សេវា​ធនាគារ​ចល័ត​របស់​យើងខ្ញុំ ​ក្នុង​មូលហេតុ​ណាមួយ​​ដោយ​ធ្វើ​ការ​ជូន​ដំណឹង​យ៉ាងហោចណាស់​៣០ថ្ងៃ។

១១.២   បន្ថែម​ពី​លើ​ការ​កែប្រែ​ដែល​មាន​ចែង​ក្នុង​ប្រការ១០.១ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក អាច​ធ្វើ​ការ​កែប្រែ​ផ្សេង​ទៀត​ណាមួយ​ទៅ​លើបញ្ញត្តិ និងលក្ខខណ្ឌ​ក្នុង​មូលហេតុ​ណាមួយ​ស្រប​តាម​ឆន្ទានុសិទ្ធិ​តែមួយគត់​របស់​ខ្លួន។  យើងខ្ញុំ អាច​ជូនដំណឹង​ដោយ​សម​ស្រប​អំពី​ការ​កែប្រែ​នេះ​ទៅ​កាន់​លោកអ្នក តាមរយៈ​ការ​ទំនាក់ទំនង​ជា​លាយ​លក្ខណ៍​អក្សរ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច រាប់​បញ្ចូល​ទាំង អ៊ីមែល ទូរស័ព្ទ ការផ្ញើសារ SMS ការ​ជូនដំណឹង​នៅ​ក្នុង​កម្មវិធី ការដាក់​បង្ហាញ​នៅ​លើ
​គេហទំព័រ​របស់​យើងខ្ញុំ ការ​ដាក់​បង្ហាញ​តាម​សាខា​របស់​យើងខ្ញុំ ការ​បង្ហោះ​ផ្សាយ​នៅ​លើទំព័រ​ហ្វេសប៊ុក ឬការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន។

​១១.៣  បន្ទាប់ពី​យើងខ្ញុំ​បាន​ជូន​ដំណឹង​អំពី​ការ​កែប្រែ​នេះ​ទៅ​កាន់​លោកអ្នក​ដូចបាន​បញ្ជាក់​ពីខាងលើ លោកអ្នក​ត្រូវបាន​សន្មត​ថា​បាន​ទទួល​ការ​ជូន​ដំណឹង​នោះ។  លោកអ្នកនឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ទទួល​យល់​ព្រម​ចំពោះ​ការកែប្រែ​នោះ នៅពេល​ដែល​លោកអ្នក​នៅតែ​បន្ត​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ណាមួយ​របស់​យើងខ្ញុំ បន្ទាប់​ពីមាន​ការ​ជូន​ដំណឹង។

១២.     ការ​ដោះស្រាយ​បណ្ដឹង

ប្រសិនបើ​លោកអ្នក​ជួប​បញ្ហា​អ្វី​មួយ​ទាក់ទង​នឹង​សេវា​ធនាគារ​ចល័ត ឬប្រសិនបើ​លោកអ្នក​ជឿជាក់​ថា​មូលនិធិរបស់​លោកអ្នក​ត្រូវ​បាន​បាត់បង់ ឬ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ប្រតិបត្តិការ​របស់​លោកអ្នក ឬ​លោកអ្នក​បាត់​ទូរស័ព្ទ ឬទូរស័ព្ទ​របស់​លោកអ្នក​ត្រូវ​បាន​គេ​លួច ឬ​លោក​អ្នក​ជឿជាក់ ឬ​សង្ស័យ​ថា​បុគ្គល​ណាមួយ​បាន​ដឹង​ពី​ព័ត៌មាន​សុវត្ថិភាពរបស់​លោកអ្នក ឬ​ធ្លាប់​ប្រើប្រាស់ ឬ​ព្យាយាម​ប្រើប្រាស់​គណនី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​លោកអ្នក​តាមរយៈ​សេវា​ធនាគារចល័ត​របស់​យើងខ្ញុំ លោកអ្នក​ត្រូវ​រាយការណ៍ ឬ​ជូន​ដំណឹង​មក​កាន់​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជា​បន្ទាន់​តាមរយៈ៖

-​ ប្រធាន​សាខា ឬ​អ្នក​គ្រប់គ្រង​បេឡា ​នៅ​តាម​សាខា​ណាមួយ​របស់ ​ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

-​ ផ្នែក​បម្រើ​សេវា​អតិថិជន ​តាម​លេខ​ទូរស័ព្ទ៖ ០២៣ ៩៦៣​ ៣៣៣។

– អ៊ីម៉ែល៖ info@wooribank.com.kh

Annual Reports 2021

Annual Reports 2021

KH EN
Annual Reports 2020

Annual Reports 2020

KH EN
Annual Reports 2019

Annual Reports 2019

KH EN
Annual Reports 2018

Annual Reports 2018

KH EN

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI WON

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង