កម្មវិធីធនាគារ ចល័តសម្រាប់ពាណិជ្ជករ របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក

សូមលោកអ្នក អានបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះដោយយកចិត្តទុកដាក់មុននឹងយល់ព្រមប្រើប្រាស់ កម្មវិធីធនាគារ ចល័តសម្រាប់ពាណិជ្ជករ របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។

ប្រសិនបើលោកអ្នក មិនយល់ ឬមានភាពមិនច្បាស់លាស់ក្នុងប្រការណាមួយអំពីបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ សូមធ្វើការទំនាក់ទំនងមកកាន់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក របស់យើងខ្ញុំ សម្រាប់ជំនួយបន្ថែម។

តាមរយៈការចុចប៊ូតុង “យល់ព្រម” លោកអ្នកបានអាន យល់ និងយល់ព្រមតាម បញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ។

១. សទ្ទានុក្រម

១.១ “កម្មវិធីពាណិជ្ជករអ៊ូរី” ឬ “កម្មវិធីធនាគារចល័តសម្រាប់ពាណិជ្ជករ របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក” គឺជាកម្មវិធីដែលបង្កើតឡើង សម្រាប់អតិថិជនដែលជាពាណិជ្ជករស្រាប់របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក និងអតិថិជនថ្មីដែលនឹងក្លាយជាពាណិជ្ជកររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលការទូទាត់ តាមដានប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួន ត្រួតពិនិត្យមើលប្រតិបត្តិការ ងាយស្រួលស្នើសុំកូដ QR ទៅការិយាល័យសាខារបស់អ៊ូរី គ្រប់គ្រងសាខា និងបុគ្គលិកគិតលុយ និងតាមដានក្រុម Telegram របស់ខ្លួនទាំងអស់បានយ៉ាងងាយស្រួល។ លើសពីនេះ កម្មវិធីនេះផ្តល់នូវសេចក្ដីជូនដំណឹងភ្លាមៗ តាមពេលវេលាជាក់ស្តែងនូវរាល់ពេលមានប្រតិបត្តិការ ដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការចូលទៅកាន់ផ្នែកជំនួយ គាំទ្រអតិថិជន។

១.២ “ប្រព័ន្ធគ្រប់គ្រងពាណិជ្ជករ” គឺជាប្រព័ន្ធប្រើសម្រាប់គ្រប់គ្រងទៅលើព័ត៌មានពាណិជ្ជកររបស់ ធនាគារ អ៊ូរី ដែលអាចហៅម៉្យាង ទៀតបានថាជា backend នៃ កម្មវិធីពាណិជ្ជករអ៊ូរី។

១.៣ “លេខកូដសម្ងាត់” មានន័យថា លេខកូដសម្ងាត់ប្រើប្រាស់បានតែមួយដងឬក្នុងមួយប្រតិបត្តិការ ដែលធនាគារ អ៊ូរី បានបញ្ជូន ទៅកាន់ពាណិជ្ជករ តាមរយៈការផ្ញើសារជាអក្សរ (SMS) ទៅលេខទូរស័ព្ទរបស់ពាណិជ្ជករដែលបានផ្តល់មកកាន់យើងខ្ញុំនៅកំឡុងពេលចុះឈ្មោះប្រើប្រាស់កម្មវិធី ពេលចូលប្រើប្រាស់កម្មវិធី ពេលកំណត់កូដ PIN ឡើងវិញ និងក្នុងសកម្មភាពនានា។ បន្ទាប់ពីទទួលបាន OTP ពាណិជ្ជករតម្រូវឱ្យបញ្ចូល OTP ត្រឹមត្រូវទៅក្នុងកម្មវិធី ដើម្បីបន្តទៅជំហានបន្ទាប់។

១.៤ “លេខសម្ងាត់” មានន័យថាជាលេខអត្តសញ្ញាណផ្ទាល់ខ្លួន ដែលបង្កើតឡើងដោយពាណិជ្ជករផ្ទាល់ ដើម្បីភ្ជាប់ជាមួយ កម្មវិធីពាណិជ្ជករអ៊ូរី សម្រាប់ការផ្ទៀងផ្ទាត់ការផ្លាស់ប្តូរឬប្រតិបត្តិការសុវត្ថិភាព។ PINអាចត្រូវបានផ្លាស់ប្តូរ ឬកំណត់ឡើងវិញដោយ ពាណិជ្ជករ។

១.៥ “Biometric” សំដៅទៅលើ ពាក្យបច្ចេកទេសសម្រាប់មុខងារថតស្នាមម្រាមដៃ ឬខ្ចៅដៃ ឬស្គែនផ្ទៃមុខ ដែលទាក់ទងនឹងចរិត លក្ខណៈរបស់មនុស្សដែលពាក់ព័ន្ធនឹងការអនុវត្តការវិភាគស្ថិតិទៅនឹងទិន្នន័យជីវសាស្រ្ត។

១.៦ “ឈ្មោះអ្នកប្រើប្រាស់” សំដៅលើឈ្មោះដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ផ្ទាល់ ឬពាណិជ្ជករសម្រាប់ចូលទៅប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី។

១.៧ “គណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី” គឺជាគណនីសន្សំដែលពាណិជ្ជករមានជាមួយនឹងធនាគារ អ៊ូរី (ខេមបូឌា) ម.ក ហើយអាចមានសិទ្ធិភ្ជាប់ជាគណនីសម្រាប់ទូទាត់ ប្រើប្រាស់ជាមួយ កម្មវិធីពាណិជ្ជករអ៊ូរី។ គណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី នឹងត្រូវបានរៀបរាប់លម្អិតនៅប្រការទី ២។

១.៨ “ម្ចាស់គណនី” សំដៅលើម្ចាស់នៃគណនីគណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី។

១.៩ “KHQR” គឺជាប្រព័ន្ធកូដ QR ស្តង់ដារមួយក្នុងប្រទេសកម្ពុជា ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា (NBC)។ KHQR នេះនឹងត្រូវបានបង្កើត តាមរយៈ កម្មវិធីពាណិជ្ជករអ៊ូរី ដែលអនុញ្ញាតឱ្យមានការទូទាត់អន្តរប្រតិបត្តិការនៅទូទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ដែលស្ថិតនៅក្រោមសេវាបាគង។ ជាមួយនឹង KHQR កូដតែមួយ អ្នកប្រើប្រាស់អាចធ្វើការទូទាត់តាមរយៈ អ្នកផ្តល់សេវាទូទាត់ផ្សេងៗ ធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

១.១០ “NBC” សំដៅលើ ធនាគារជាតិនៃកម្ពុជា។

១.១១ “ធនាគារ អ៊ូរី”, “យើងខ្ញុំ” សំដៅទៅលើ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

១.១២  “លោកអ្នក”, “របស់លោកអ្នក” និង “ពាណិជ្ជករ” សំដៅទៅលើពាណិជ្ជកររបស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

២. គណនីសន្សំដែលអាចប្រើប្រាស់ជាមួយកម្មវិធី

២.១ លោកអ្នកត្រូវតែជាម្ចាស់គណនីយ៉ាងហោចណាស់មួយក្នុងចំណោមប្រភេទគណនីដូចជា៖ គណនីសង្ឃឹម (Hope Savings Account) គណនីសន្សំផ្លឹស (Savings Account Plus) គណនីហាយហ្វាយ (High Five Savings Account ) គណនីរហ័ស (Quick Account)។ល។

២.២ អតិថិជនដែលគ្មានប្រភេទគណនីដូចរៀបរាប់ខាងលើ មិនអាចចុះឈ្មោះប្រើប្រាស់កម្មវិធីនេះបានទេ។ ហេតុដូចនេះ សូមលោកអ្នក អញ្ជើញទៅកាន់ សាខារបស់ធនាគារ អ៊ូរី ណាមួយដើម្បីធ្វើការបើកគណនីមួយក្នុងចំណោមគណនីទាំងនោះ ឬលោកអ្នកអាច ចុះឈ្មោះប្រើប្រាស់ គណនីរហ័សតាមរយៈសេវាធនាគារចល័ត របស់ធនាគារ អ៊ូរី ប្រសិនបើលោកអ្នកជាអតិថិជនថ្មី។

៣. លក្ខណៈមុខងារ និងសិទ្ធិទទួលបាន

៣.១ លោកអ្នកនឹងអាចទទួលបានប្រតិបត្តិការតាមរយៈ កម្មវិធីពាណិជ្ជករអ៊ូរី ជារូបិយប័ណ្ណ ប្រាក់ដុល្លារ និងប្រាក់រៀល។

៣.២ លោកអ្នកអាចធ្វើការបង្កើត KHQR តាមរយៈ កម្មវិធីពាណិជ្ជករអ៊ូរី បានដោយខ្លួនឯងដើម្បីទទួលការទូទាត់ពីអតិថិជនរបស់ លោកអ្នក។

៣.៣ លោកអ្នកត្រូវមានស្មាតហ្វូន ឬទូរស័ព្ទដៃទំនើបដែលមានសមត្ថភាពទាញយក កម្មវិធីពាណិជ្ជករអ៊ូរី ពីក្នុង App Store ឬ Play Store និងលេខទូរស័ព្ទដែលនៅដំណើរការ ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ។

៣.៤ លោកអ្នក ត្រូវមានការភ្ជាប់សេវាអ៊ីនធឺណិតនៅលើទូរស័ព្ទរបស់អ្នក រាល់ពេលប្រើប្រាស់កម្មវិធីនេះ។

៣.៥ យើងខ្ញុំបានបែងចែកកម្មវិធីពាណិជ្ជករជាពីររបៀប។ មួយគឺសម្រាប់អ្នកប្រើប្រាស់ដែលជាពាណិជ្ជករ (ម្ចាស់អាជីវកម្ម) និងមួយទៀតគឺ សម្រាប់បុគ្គលិកគិតលុយ។ របៀបនីមួយៗនឹងផ្តល់មុខងារទៅតាមតម្រូវការជាក់លាក់ និងទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់ រៀងៗខ្លួន។

៤. សុវត្ថិភាព

៤.១ ពាណិជ្ជករស្រាប់របស់ ធនាគារ អ៊ូរី ត្រូវបានតម្រូវឱ្យប្រើ ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ របស់ពួកគេដើម្បីចូល ប្រើប្រាស់កម្មវិធី។

៤.២ ពាណិជ្ជករថ្មី ត្រូវបានតម្រូវឱ្យប្រើលេខគណនី និងលេខទូរស័ព្ទដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធី។

៤.៣ ពាណិជ្ជករគួរតែធ្វើបច្ចុប្បន្នភាពលេខសម្ងាត់របស់ខ្លួន ជាប្រចាំដើម្បីបង្កើនសុវត្ថិភាព។

៤.៤ លោកអ្នកក៏ត្រូវបានអនុញ្ញាតឱ្យប្តូរ ឬកំណត់លេខសម្ងាត់ថ្មីបានដោយខ្លួនឯងក្នុង កម្មវិធីពាណិជ្ជករអ៊ូរី ដែលតម្រូវឱ្យបំពេញព័ត៌មាន ដោយទំនួលខុសត្រូវខ្លួនឯងផ្ទាល់នៅគ្រប់ កាលៈទេសៈមានសុវត្ថិភាពណាមួយ។

៤.៥ ពាណិជ្ជករទាំងអស់ត្រូវតែធានាបានថា ព័ត៌មានសម្ងាត់នៃការចូលប្រើប្រាស់កម្មវិធីរបស់ខ្លួន ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនចែករំលែក ជាមួយបុគ្គលណាមួយដែលគ្មានការអនុញ្ញាត រួមទាំងបុគ្គលិករបស់ធនាគារ អ៊ូរី ផងដែរ។

៤.៦ លោកអ្នកត្រូវធានាក្នុងការការពារព័ត៌មានលម្អិតសុវត្ថិភាពរបស់ខ្លួន ហើយផ្លាស់ប្តូរព័ត៌មានទាំងនោះភ្លាមៗជាប្រចាំ។

៤.៧ ក្នុងករណីមានសកម្មភាពសង្ស័យណាមួយ ពាណិជ្ជករត្រូវរាយការណ៍ភ្លាមៗទៅកាន់ធនាគារ អ៊ូរី ឱ្យបានឆាប់រហ័សតាមដែលអាច ធ្វើទៅបាន។

៤.៨ ដើម្បីរក្សាសុវត្ថិភាព និងទទួលបានមុខងារចុងក្រោយគេ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពនៅលើ កម្មវិធីជាប្រចាំ។

៤.៩ ធនាគារ អ៊ូរី នឹងអាចកែប្រែ និង/ឬ បន្ថែមការកំណត់សុវត្ថិភាពនៅលើ កម្មវិធីពាណិជ្ជករអ៊ូរី  ដោយមិនមានការជូនដំណឹង ជាមុនឡើយ។

៤.១០ ធនាគារ អ៊ូរី មិនត្រូវបានចងភ្ជាប់កាតព្វកិច្ច ឬមានកាតព្វកិច្ចចាត់វិធានការ ឬការបញ្ជាណាមួយដែលមិនគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ ហើយយើងខ្ញុំអាចបដិសេធមិនទទួលយកនូវការបញ្ជាដែលមិនគោរពតាមបញ្ញត្តិ និងលក្ខខណ្ឌនោះ។

៤.១១ បន្ទាប់ពីបានចុះឈ្មោះរួចរាល់ ធនាគារ អ៊ូរី នឹងមិនធ្វើការទាក់ទងទៅលោកអ្នក ឬឱ្យបុគ្គលណាមួយធ្វើការទាក់ទងទៅលោកអ្នក ក្នុងនាមយើងខ្ញុំ ដើម្បីឱ្យលោកអ្នកបង្ហាញព័ត៌មានសុវត្ថិភាពទាំងអស់របស់លោកអ្នកឡើយ។ ក្នុងករណីដែល លោកអ្នកទទួលបានការស្នើសុំដូចខាងលើពីបុគ្គលណាមួយ ទោះបីជាបុគ្គលនោះប្រើឈ្មោះ  ឬស្លាកសញ្ញារបស់យើងខ្ញុំ ក៏ដោយ យើងខ្ញុំសូមជម្រាបជូនថាសំណើនោះគឺជាការក្លែងបន្លំទេ ហើយលោកអ្នកមិនត្រូវផ្ដល់ព័ត៌មានសុវត្ថិភាពរបស់លោកអ្នក ទៅកាន់បុគ្គលនោះឡើយ ទោះបីជានៅក្នុងកាលៈទេសៈណាមួយក៏ដោយ ហើយលោកអ្នកត្រូវរាយការណ៍អំពីការស្នើសុំនោះ មកកាន់ធនាគារ អ៊ូរី ជាបន្ទាន់។

៤.១២ ក្នុងករណីលោកអ្នកផ្លាស់ប្តូរលេខទូរស័ព្ទ លោកអ្នកត្រូវអញ្ជើញមកកាន់សាខា ធនាគារ អ៊ូរី ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំផ្លាស់ប្តូរលេខទូរស័ព្ទនោះជាបន្ទាន់តាមដែលអាចធ្វើបាន។

៥. ដែនកំណត់នៃការប្រើប្រាស់

៥.១  កម្មវិធីពាណិជ្ជករអ៊ូរី អាចទទួលការទូទាត់ និងត្រួតពិនិត្យមើលប្រតិបត្តិការដែលបានស្កេនតាមរយៈ សេវាធនាគារចល័ត របស់ធនាគារ អ៊ូរី ក៏ដូចជាពីសេវាធនាគារចល័ត របស់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដែលជាសមាជិកបាគង។

៥.២  ពាណិជ្ជករមានសិទ្ធិពេញលេញក្នុងការចូលប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី ចំណែកឯបុគ្គលិកគិតលុយនៅសាខានីមួយៗ ត្រូវបានកំណត់ឱ្យ ប្រើប្រាស់សម្រាប់តែមុខងារមួយចំនួនជាក់លាក់ ក្នុងគោលបំណងរក្សាសុវត្ថិភាព។

៥.៣  ដែនកំណត់មួយនៃចំនួនប្រតិបត្តិការសម្រាប់ កម្មវិធីពាណិជ្ជករអ៊ូរី ត្រូវបានគោរពទៅតាមការកំណត់របស់បាគង។

៥.៤  កម្មវិធីនេះ ផ្តល់នូវសេចក្ដីជូនដំណឹងភ្លាមៗតាមពេលវេលាជាក់ស្តែងនូវរាល់ពេលមានប្រតិបត្តិការ ដើម្បីផ្ដល់ជាព័ត៌មានសម្រាប់ ពាណិជ្ជករ។

៦. កម្រៃសេវា

៦.១  កម្មវិធីពាណិជ្ជករអ៊ូរី គឺជាកម្មវិធីសម្រាប់ពាណិជ្ជកររបស់ធនាគារ អ៊ូរី ដូច្នេះកម្រៃសេវានៃកម្មវិធីនេះ គឺយោងទៅតាម កម្រៃសេវានៃសេវាកម្មពាណិជ្ជករ។

៦.២  បច្ចុប្បន្ន ការចុះឈ្មោះប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។

៦.៣  នៅពេលណាមួយនាពេលអនាគត ធនាគារ អ៊ូរី អាចគិតកម្រៃសេវា និងសោហ៊ុយដាច់ដោយឡែក ឬថ្មីមួយចំពោះការប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី ដោយយើងខ្ញុំនឹងផ្ដល់ជូនជាដំណឹងដោយមូលហេតុសមស្របអំពីការផ្លាស់ប្តូរនេះជូនដល់លោកអ្នក។

៧. កាតព្វកិច្ច និងសកម្មភាពរឹតបន្តឹងរបស់ពាណិជ្ជករ

៧.១ ផ្ដល់ការបណ្ដុះបណ្ដាលទៅកាន់បុគ្គលិកថ្មីរបស់ខ្លួនឱ្យយល់ច្បាស់លាស់អំពីដំណើរការទទួលសេវាទូទាត់ជាមួយ ធនាគារ អ៊ូរី និងផ្ដល់ការបណ្ដុះបណ្ដាលផ្សេងទៀត តាមការតម្រូវរបស់ បញ្ញត្តិករប្រសិនបើមាន។

៧.២ គាំទ្រ និងសម្របសម្រួលដល់អតិថិជនរបស់ ធនាគារ អ៊ូរី ដើម្បីទទួលបាននូវការទូទាត់ដោយជោគជ័យ។

៧.៣ ដាក់បង្ហាញនូវឧបករណ៍ផ្សព្វផ្សាយនានា ក្នុងការជំរុញសកម្មភាពផ្សព្វផ្សាយអំពីការទូទាត់។

៧.៤ ចូលរួមផ្សព្វផ្សាយអំពីការទូទាត់នៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន។

៧.៥ យល់ព្រមឲ្យ ធនាគារ អ៊ូរី ប្រើប្រាស់ស្លាកយីហោ (Logo) របស់ខ្លួនក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ នៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន រួមទាំងសាខាទាំងអស់របស់ ធនាគារ អ៊ូរី ក្នុងអំឡុងពេលលក្ខខណ្ឌមានប្រសិទ្ធិភាព។

៧.៦ ក្នុងការផ្លាស់ប្តូរព័ត៌មាន ឬ លក្ខណៈនៃអាជីវកម្មរបស់ពាណិជ្ជករ រួមទាំងការលក់ផលិតផល ឬសេវាកម្មណាមួយដែលមិនទាក់ទងនឹងអាជីវកម្មបច្ចុប្បន្នរបស់ពាណិជ្ជករដែលកើតមានឡើង/ឬបិទអាជីវកម្ម ពាណិជ្ជករត្រូវជូនដំណឹងទៅកាន់ធនាគារ អ៊ូរី។

៧.៧ ពាណិជ្ជករ មិនអនុញ្ញាតឱ្យគិតតម្លៃបន្ថែមលើប្រតិបត្តិការណាមួយឡើយ លុះត្រាតែថ្លៃសេវាបែបនេះត្រូវបានអនុម័តពីមុននៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជករ។ ប្រសិនបើពាណិជ្ជករបន្ថែមថ្លៃសេវាបន្ថែមទៅលើប្រតិបត្តិការណាមួយអ្នកនឹងទទួលខុសត្រូវចំពោះ ការផាកពិន័យដែលត្រូវបានដាក់ដោយធនាគារ អ៊ូរី។

៧.៨ ប្រតិបត្តិការពាណិជ្ជករអនឡាញ ឬការធ្វើសកម្មភាពពាណិជ្ជកម្មតាមអ៊ីនធឺណិត ពាណិជ្ជករត្រូវបានតម្រូវឱ្យផ្តល់លិខិតអនុញ្ញាត ពាណិជ្ជកម្មអេឡិចត្រូនិក ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិកបន្ថែមទៀត។

៧.៩ ពាណិជ្ជករមិនត្រូវផ្តល់ប្រាក់កម្ចីខុសច្បាប់, ជួយលាងលុយកខ្វក់, ធ្វើអាជីវកម្មណាមួយដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ, សកម្មភាពលេងល្បែងស៊ីសង, សកម្មភាពក្លែងបន្លំ ឬការលក់របស់ក្លែងក្លាយ ឬផលិតផលចោរកម្ម។

៧.១0 អនុលោមតាមខចែង និងលក្ខខណ្ឌផ្សេងៗ ដែលមាននៅក្នុងងលក្ខខណ្ឌទូទៅនេះ ដូចបានរៀបរាប់លម្អិតនៅក្នុងបទប្បញ្ញត្តិរបស់ធនាគារ អ៊ូរី។

៨. ការព្យួរ ឬការបញ្ចប់

៨.១ ធនាគារ អ៊ូរី អាចព្យួរ ឬបញ្ចប់សិទ្ធិរបស់លោកអ្នកក្នុងការចូលទៅប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី នៅពេលណាមួយស្របតាម ឆន្ទានុសិទ្ធិតែមួយគត់របស់ ធនាគារ អ៊ូរី ដោយមិនមានការជូនដំណឹងមុននៅពេលដែល៖

៨.១.១. យើងខ្ញុំមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ កម្មវិធីពាណិជ្ជករអ៊ូរី

៨.១.២.  យើងខ្ញុំសង្ស័យថា កម្មវិធីពាណិជ្ជករអ៊ូរី របស់លោកអ្នកត្រូវបានប្រើប្រាស់ដោយក្លែងបន្លំ ឬដោយមិនមានការអនុញ្ញាតត្រឹមត្រូវ

៨.១.៣. យើងខ្ញុំសន្មតថាលោកអ្នកបំពានបញ្ញត្តិ និងលក្ខខណ្ឌទាំងអស់នេះ ឬ

៨.១.៤.  យើងខ្ញុំត្រូវបានតម្រូវឲ្យព្យួរ ឬបញ្ចប់សិទ្ធិរបស់លោកអ្នកដោយច្បាប់ ដីកាបង្គាប់របស់តុលាការ ឬធនាគារជាតិនៃកម្ពុជា

៨.១.៥.  អ្នកបានដាក់ឯកសារក្លែងក្លាយ ឬបានប្រកាសព័ត៌មានក្លែងក្លាយ ឬមិនត្រឹមត្រូវកំឡុងការចុះឈ្មោះប្រើប្រាស់របស់អ្នក;

៨.១.៦.  អ្នកមិនបានផ្តល់ព័ត៌មានបន្ថែមណាមួយដែលធនាគារ អ៊ូរី ទាមទារពីអ្នក ។

៨.២ យើងខ្ញុំ នឹងបញ្ចប់សិទ្ធិរបស់លោកអ្នកក្នុងការចូលទៅប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី ប្រសិនបើលោកអ្នក ឈប់ប្រើប្រាស់គណនីសន្សំដែលបានភ្ជាប់ដើម្បីប្រើប្រាស់កម្មវិធីសេវាធនាគាចល័តជាមួយ ធនាគារ អ៊ូរី ឬ គណនីសន្សំរបស់អ្នកត្រូរបានដាក់កម្រិតមិនឲ្យចូលប្រើប្រាស់ដោយ ធនាគារ អ៊ូរី ឬ បញ្ញត្តិករផ្សេងទៀត នៅក្រោមមូលហេតុច្បាស់លាស់ណាមួយ។

៨.៣ លោកអ្នក អាចបញ្ឈប់ការប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី របស់លោកអ្នក ដោយលោកអ្នកទៅបំពេញទម្រង់បែបបទស្នើសុំនៅសាខាណាមួយរបស់ ធនាគារ អ៊ូរី។

៨.៤ លោកអ្នក ទទួលស្គាល់ថាការព្យួរ ឬការបញ្ឈប់នេះ នឹងមិនប៉ះពាល់ដល់ការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់លោកអ្នកពាក់ព័ន្ធនឹងការបញ្ជាទូទាត់ប្រាក់ណាមួយ ដែលលោកអ្នកបានបញ្ជាក់តាមរយៈកម្មវិធី ឱ្យ ធនាគារ អ៊ូរី ធ្វើប្រតិបត្តិ្កការហិរញ្ញវត្ថុ ឱ្យលោកអ្នក។

៩. ករណីប្រធានសក្តិ

៩.១ មិនមានភាគីណាមួយ ត្រូវទទួលខុសត្រូវលើការខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងនេះឡើយ ប្រសិនបើការខកខាននោះ កើតមានឡើងបណ្ដាលមកពីករណីប្រធានសក្តិ។

៩.២ សម្រាប់គោលបំណងនៃកិច្ចព្រមព្រៀងនេះ ករណីប្រធានសក្តិ គឺជាព្រឹត្តិការណ៍មួយដែល ធនាគារ អ៊ូរី មិនអាចគ្រប់គ្រងបានដូចជា៖ សកម្មភាពភេរវកម្ម សង្រ្គាម អគ្គីភ័យ ការផ្ទុះ រញ្ជួយដី ការបាក់ស្រុតដី ខ្យល់ព្យុះ ទឹកជំនន់ ជម្ងឺឆ្លង ការរាលត្បាតជម្ងឺ ឬការបង្ខាំងទុកដាច់ដោយឡែកដើម្បីការពាររោគឆ្លង (health quarantines)។

១០. ព័ត៌មានឯកជន

១០.១ យើងខ្ញុំនឹងធានាថាព័ត៌មានឯកជនរបស់លោកអ្នកត្រូវបានការពារតាមរយៈ៖

១០.១.១  យើងខ្ញុំ នឹងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចទូទៅក្នុងការរក្សាការសំងាត់ជូនចំពោះលោកអ្នក លើកលែងតែក្នុងករណីមួយចំនួនដូចខាងក្រោម៖

      • ដរាបណាការបើកបង្ហាញព័ត៌មានរបស់លោកអ្នកត្រូវបានតម្រូវដោយច្បាប់
      • ដរាបណាយើងខ្ញុំមានកាតព្វកិច្ចចំពោះសាធារណជន ក្នុងការបើកបង្ហាញព័ត៌មានរបស់លោកអ្នក និង
      • ដរាបណាយើងខ្ញុំទទួលបានការយល់ព្រមពីលោកអ្នកដោយជាក់លាក់ ឬដោយប្រយោលក្នុងការបើកបង្ហាញព័ត៌មាននោះ។

១០.១.២  យើងខ្ញុំ នឹងរក្សាព័ត៌មានរបស់លោកអ្នកទុកជាការសំងាត់ និងឯកជន និង

១០.១.៣  បញ្ឈប់ការប្រើប្រាស់ព័ត៌មានរបស់លោកអ្នកក្នុងគោលបំណងផ្សព្វផ្សាយទីផ្សារ ឬបញ្ឈប់ការទាក់ទងទៅលោកអ្នកដែល ធ្វើឡើងដោយចេតនាផ្ទាល់ខ្លួន ប្រសិនបើលោកអ្នកជូនដំណឹងដល់យើងខ្ញុំថាលោកអ្នកជំទាស់នឹងការអនុវត្តទាំងអស់នេះ។

១១. ផ្លាស់ប្តូរលក្ខខណ្ឌការកែប្រែបញ្ញតិ្ត និងលក្ខខណ្ឌ

១១.១ ស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ធនាគារ អ៊ូរី អាចកែប្រែកម្រៃសេវា កំណត់កម្រៃសេវាថ្មី និងកែប្រែ បញ្ឈប់ ឬបន្ថែមសេវាធនាគារចល័តរបស់យើងខ្ញុំក្នុងមូលហេតុណាមួយដោយធ្វើការជូនដំណឹងយ៉ាងហោចណាស់៣០ថ្ងៃ។

១១.២ បន្ថែមពីលើការកែប្រែដែលមានចែងក្នុងប្រការ១០.១ ធនាគារ អ៊ូរី អាចធ្វើការកែប្រែផ្សេងទៀតណាមួយទៅលើបញ្ញត្តិ និងលក្ខខណ្ឌក្នុងមូលហេតុណាមួយស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។  យើងខ្ញុំ អាចជូនដំណឹងដោយសមស្របអំពីការកែប្រែនេះទៅកាន់លោកអ្នក តាមរយៈការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ឬតាមប្រព័ន្ធអេឡិចត្រូនិច រាប់បញ្ចូលទាំង អ៊ីមែល ទូរស័ព្ទ ការផ្ញើសារ SMS ការជូនដំណឹងនៅក្នុងកម្មវិធី ការដាក់បង្ហាញនៅលើគេហទំព័ររបស់យើងខ្ញុំ ការដាក់បង្ហាញតាមសាខារបស់យើងខ្ញុំ ការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុក ឬការផ្សព្វផ្សាយតាមសារកម្មវិធីបណ្ដាញសង្គមនានា។

១១.៣ បន្ទាប់ពីយើងខ្ញុំបានជូនដំណឹងអំពីការកែប្រែនេះទៅកាន់លោកអ្នកដូចបានបញ្ជាក់ពីខាងលើ លោកអ្នកត្រូវបានសន្មតថាបានទទួលការជូនដំណឹងនោះ។  លោកអ្នក នឹងត្រូវបានចាត់ទុកថាទទួលយល់ព្រមចំពោះការកែប្រែនោះ នៅពេលដែលលោកអ្នកនៅតែបន្តប្រើប្រាស់សេវាធនាគារចល័តណាមួយរបស់យើងខ្ញុំ បន្ទាប់ពីមានការជូនដំណឹង។

១២. មតិយោបល់អតិថិជន និងការដោះស្រាយបណ្ដឹង

១២.១ យើងខ្ញុំ យកចិត្តទុកដាក់ចំពោះមតិកែលម្អរបស់លោកអ្នក ក្នុងការប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី ព្រោះវាជួយយើងបង្កើនសេវាកម្ម របស់យើងខ្ញុំ និងធានាបាននូវបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរ។ ការផ្ដល់យោបល់ ការសរសើរ ឬកង្វល់របស់អ្នកអាចចែករំលែកបានដោយទំនាក់ទំនងតាមរយៈ Call Center របស់យើងតាមរយៈលេខ 023 963 333 ឬ 081 331 333។

១២.២ ប្រសិនបើលោកអ្នកជួបបញ្ហាអ្វីមួយទាក់ទងនឹង កម្មវិធីពាណិជ្ជករអ៊ូរី ឬលោកអ្នកបាត់ទូរស័ព្ទ ឬទូរស័ព្ទរបស់លោកអ្នកត្រូវបានគេលួច ឬលោកអ្នកសង្ស័យថាបុគ្គលណាមួយបានដឹងពីព័ត៌មានសុវត្ថិភាពរបស់លោកអ្នក ឬធ្លាប់ប្រើប្រាស់ ឬព្យាយាមប្រើប្រាស់គណនីលោកអ្នក សូមរាយការណ៍ ឬជូនដំណឹងមកកាន់ធនាគារ អ៊ូរីជាបន្ទាន់តាមរយៈការរៀបរាប់ខាងលើ។

១៣. ការដោះស្រាយវិវាទ

១៣.១.  ប្រសិនបើអ្នកជឿថាមូលនិធិត្រូវបានបាត់បង់ ឬមានកំហុសក្នុងប្រតិបត្តិការ យើងនឹងអនុវត្តតាមដំណើរការដោះស្រាយបញ្ហារបស់អតិថិជនទៅលើប្រព័ន្ធបាគង។

១៣.២. ធនាគារ អ៊ូរី នឹងមិនដកហូត និង/ឬបញ្ច្រាសប្រតិបត្តិការទិញដែលបានបញ្ចប់ណាមួយឡើយ ដោយមិនគិតពីលទ្ធផល នៃដំណោះស្រាយជម្លោះរវាងពាណិជ្ជករ និងអតិថិជនរបស់ពួកគេឡើយ។

១៣.៣.  ធនាគារ អ៊ូរី មិនទទួលខុសត្រូវចំពោះជម្លោះដែលកើតចេញពី៖

១៣.៣.១.  កំហុសក្នុងចំនួនទឹកប្រាក់ទូទាត់ដែលបានធ្វើឡើងដោយសារតែកំហុស ឬកំហុសរបស់អ្នក;

១៣.៣.២.  អតិថិជនរបស់អ្នកមិនទទួលបានទំនិញ ឬសេវាកម្មរបស់ពួកគេទេ ទោះបីជាពួកគេបានបង់ប្រាក់ក៏ដោយ។

១៣.៣.៣.  មិនអាចទាក់ទងអ្នកបាន;

១៣.៣.៤. សកម្មភាពខុស ឬការក្លែងបន្លំដោយអ្នក ឬកំហុសក្នុងការទំនាក់ទំនង ដែលអ្នកបង្កឡើងក្នុងការទំនាក់ទំនង ជាមួយអតិថិជន របស់អ្នក ឬប្រើប្រាស់ Woori Bank Merchant។

១៤.  ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)

១៤.១.  ដើម្បីអនុលោមតាមបទប្បញ្ញត្តិ AML/CFT ធនាគារនឹង តាមដានឬពិនិត្យ យ៉ាងដិតដល់ទាក់ទងនឹងប្រតិបត្តិការរបស់អតិថិជន។ អ្នកអាចដឹងថា៖

១៤.១.១. ប្រតិបត្តិការអាចត្រូវបាន ពន្យារពេល ផ្អាក ឬ បង្កក ដែលមានមូលដ្ឋានសមហេតុផលក្នុងការជឿថា ទាក់ទងនឹងការដាក់ទណ្ឌកម្ម ឬប្រតិបត្តិការខុសច្បាប់។ ក្នុងករណីមានការពន្យារពេល ទប់ស្កាត់ ឬបង្កក ណាមួយដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម ឬប្រតិបត្តិការខុសច្បាប់ ធនាគារអាចនឹងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ណាមួយឡើយ។

១៤.១.២. ជានិច្ចកាល ធនាគារអាចសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងប្រតិបត្តិការរបស់អតិថិជន សម្រាប់ដំណើរការអនុលោម អតិថិជនមិនគួរ ធ្វើប្រតិបត្តិការណាមួយដែលអាចបំពានលើ ច្បាប់ឬទណ្ឌកម្ម។

១៤.១.៣. ពាណិជ្ជករមិនត្រូវអនុវត្ត ឬចូលរួមក្នុងប្រតិបត្តិការណាមួយដែលអាចបំពានលើច្បាប់ជាធរមាន ។

១៥. លក្ខខណ្ឌផ្សេងៗ

១៥.១. ពាណិជ្ជករត្រូវគោរពតាមច្បាប់កម្ពុជា និងអន្តរជាតិ។ ក្នុងករណីដែលធនាគារ អ៊ូរី បានរកឃើញថាអ្នកជាប់ពាក់ព័ន្ធក្នុងសកម្មភាព ខុសច្បាប់ និងអ្វីក៏ដោយដែលផ្ទុយនឹងច្បាប់ ធនាគារ អ៊ូរី រក្សាសិទ្ធិក្នុងការបញ្ឈប់សេវាកម្មជាមួយអ្នកដោយមាន/គ្មានការជូន ដំណឹងជាមុន។

១៥.២.  ព័ត៌មានពាណិជ្ជករដែលពាក់ព័ន្ធទាំងអស់នៃគណនីសន្សំណាមួយត្រូវបានរក្សាទុកជាសម្ងាត់។ ទោះជាយ៉ាងណាក៏ដោយ ធនាគារ អ៊ូរី រក្សាសិទ្ធិពេញលេញរបស់ខ្លួនក្នុងការបង្ហាញព័ត៌មានសម្រាប់តម្រូវការបទប្បញ្ញត្តិ និងគោលបំណងសវនកម្មដោយមិនចាំបាច់ ជូនដំណឹងជាមុន។

១៥.៣.  ធនាគារ អ៊ូរី រក្សាសិទ្ធិពេញលេញរបស់ខ្លួនក្នុងការបន្ថែម លុប ផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានាដោយមិនចាំបាច់ជូនដំណឹងជាមុន។

១៦. ផ្សេងៗ

សម្រាប់តម្រូវការបន្ថែមនៃសេវាកម្មរបស់ធនាគារ អ៊ូរី ឬព័ត៌មានផ្សេងទៀត សូមទាក់ទងមកកាន់លេខទូរសព្ទរបស់យើងខ្ញុំ៖ (+855) 23 96 33 33 | 81 331 333 ឬ E-mail: www.wooribank.com.kh ឬគេហទំព័រ៖ https://www.wooribank.com.kh/

១៧. សេចក្តីប្រកាស

តាមរយៈការទទួលយកលក្ខខណ្ឌទាំងនេះ អ្នកបញ្ជាក់ដូចខាងក្រោម៖

១៧.១.  អ្នកបញ្ជាក់ថារាល់ព័ត៌មានដែលបានផ្តល់ឱ្យក្នុងអំឡុងពេលចុះឈ្មោះគឺត្រឹមត្រូវ។

១៧.២.  អ្នកយល់ព្រមទទួលខុសត្រូវទាំងស្រុងចំពោះថ្លៃសេវា ការកំណត់ និងការរឹតបន្តឹង។

១៧.៣.  កម្មវិធីនឹងមិនត្រូវបានប្រើ ឬពាក់ព័ន្ធសម្រាប់សកម្មភាពខុសច្បាប់ណាមួយ និង/ឬការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម និង/ឬហិរញ្ញប្បទានរីកសាយភាយឡើយ។

១៧.៤. អ្នកយល់ព្រមឱ្យ កម្មវិធីពាណិជ្ជករអ៊ូរី ផ្ញើការជូនដំណឹងដល់អ្នកតាមរយៈ កម្មវិធីពាណិជ្ជករអ៊ូរី កម្មវិធីផ្ញើសារភាគីទីបីផ្សេងទៀតដូចជា Telegram និង/ឬសារជាអក្សរតាមទូរស័ព្ទពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកមិនចង់ទទួលបានការជូនដំណឹងទេ អ្នកអាចបិទការជូនដំណឹងទាំងនេះតាមរយៈការកំណត់ឧបករណ៍នៅលើទូរស័ព្ទដៃរបស់អ្នក។

១៧.៥. អ្នកទទួលស្គាល់ថាអ្នកផ្តល់សេវា (ធនាគារ អ៊ូរី) មិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយដែលបណ្តាលមកពីការប្រើប្រាស់កម្មវិធីរបស់អ្នក។

១៧.៦. អ្នកយល់ព្រមចំពោះការប្រមូល ប្រើប្រាស់ និងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាព។

១៧.៧.  អ្នកផ្តល់សេវារក្សាសិទ្ធិក្នុងការបញ្ចប់គណនីរបស់អ្នក ប្រសិនបើអ្នកបំពានលើ លក្ខខណ្ឌណាមួយ។

១៧.៨.  ប្រសិនបើអ្នកជ្រើសរើសមិនទទួលយកលក្ខខណ្ឌទាំងនេះទេ សូមកុំបន្ត ហើយបញ្ឈប់ការចូលប្រើ និង/ឬប្រើប្រាស់ កម្មវិធីពាណិជ្ជករអ៊ូរី ជាបន្ទាន់។

Annual Report 2023

Annual Report 2023

KH EN
Annual Reports 2022

Annual Reports 2022

KH EN
Annual Reports 2021

Annual Reports 2021

KH EN
Annual Reports 2020

Annual Reports 2020

KH EN
Annual Reports 2019

Annual Reports 2019

KH EN
Annual Reports 2018

Annual Reports 2018

KH EN

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI BANK

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង